ប្រធានាធិបតីអ៊ុយក្រែន Zelensky បានដាក់លិខិតស្នើសុំចូលជាសមាជិកអឺរ៉ុបជាផ្លូវការដើម្បីក្លាយជាសមាជិកទី២៨ ក្នុងសហគមន៍នេះ ខណៈដែលកិច្ចពិភាក្សាជាមួយរុស្ស៊ីមិនមានលទ្ធផលល្អ ។ ប៉ុន្តែការចូលជាសមាជិកអឺរ៉ុបមិនមែនជាបញ្ហាចំពោះរុស្ស៊ីនោះឡើយ តែការចូលជាសមាជិកណាតូ ទើបជាបញ្ហាចោទរបស់រុស្ស៊ី។
ការសម្រេចខាងលើរបស់អ៊ុយក្រែនកើតឡើងក្រោយពេល សហគមន៍អឺរ៉ុបបើកភ្លើងខៀវដល់អ៊ុយក្រែនចូលជាសមាជិកក្រោយរុស្ស៊ីវាយប្រហារ៥ថ្ងៃកន្លងមក។ ក្នុងពេលដែលអ៊ុយក្រែនចូលជាសមាជិកអឺរ៉ុប ជំហានបន្ទាន់គឺចូលជាសមាជិករបស់អង្គការណាតូ ហើយក្នុងពេលនោះប្រទេសណាតូនឹងមានសិទ្ធពេញលេញនៅក្នុងការបញ្ជូនកម្លាំងទាហានទៅការពារសន្តិសុខអ៊ុយក្រែន។
ជាមួយគ្នានេះដែរ តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បាននិយាយថា វត្តមានកងទ័ព NATO នៅក្នុងប្រទេសអ៊ុយក្រែននឹងរុញឱ្យបក្សសម្ព័ន្ធយោធាមួយនេះធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាមួយរុស្ស៊ី។
លោក Vasily Nebenzia ធ្វើការកត់សម្គាល់ខាងលើនៅក្រោយចូលរួមកិច្ចប្រជុំបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ខែកុម្ភៈ។ តំណាងអចិន្ត្រៃយ៍រុស្ស៊ីរូបនេះបានបញ្ជាក់ទៀតថា អឆន្ទៈរបស់អ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាស្ដីពីតំបន់ដុនបាស (Donbass) បានជំរុញឱ្យរុស្ស៊ីយល់ថាអ៊ុយក្រែនគ្មានសិទ្ធិ និងមិនអាចឱ្យពលរដ្ឋរស់នៅក្នុងតំបន់នេះរងការឈឺចាប់តទៅទៀតជាដាច់ខាត៕ ដោយធីរីណា
រូបថត៖DW