ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនរថយន្តយោធារុស្ស៊ី ប្រវែង៦៤គីឡូម៉ែត្រឡោមព័ទ្ធរដ្ឋធានីអ៊ុយក្រែន

ចែករំលែក៖

រូបភាពថតពីផ្កាយរណបបង្ហាញឱ្យឃើញថា ក្បួនរថយន្តយោធា របស់រុស្ស៊ីមានប្រវែងដល់ទៅ ៦៤គីឡូម៉ែត្រនៅក្បែររដ្ឋធានី កៀវ ត្រៀមប្រយុទ្ធ ក្រោយពេលរុស្ស៊ីស្នើដល់ពលរដ្ឋនៅក្នុងរដ្ឋធានីភៀសខ្លួនចេញ។
នៅព្រឹកថ្ងៃទី១ខែមីនា រូបភាពដែលថតបានដោយក្រុមហ៊ុនបច្ចេកវិទ្យា Maxar មានទីតាំងនៅអាមេរិក បានបង្ហាញឱ្យឃើញថា កម្លាំងទាហានរុស្ស៊ីបានឡោមព័ទ្ធរដ្ឋធានីកៀវ ដោយមានសម្ភារសឹក រថយន្តពាសដែក រថក្រោះប្រវែង៦៤គីឡូម៉ែត្រ។
តាមការផ្សាយរបស់ក្រុមហ៊ុន Maxar មានក្បួនរថយន្តយោធា ប្រវែងដល់ទៅ៦៤គីឡូម៉ែត្រ ស្ថិតនៅតំបន់ Gostomel មានចម្ងាយពីរដ្ឋធានីកៀវប្រមាណ៣០ គីឡូម៉ែត្រ។ ក្នុងក្បួនរថយន្តរបស់រុស្ស៊ីមាន រថក្រោះ រថពាសដែក កាំភ្លើងធំ និងសម្ភារសឹកជំនួយពីក្រោយដល់កម្លាំងជួរមុខ។
វត្តមានរបស់កម្លាំងទាហានរុស្ស៊ីទ្រង់ទ្រាយធំនៅជិតទីក្រុងកៀវ បានបង្ហាញយ៉ាងច្បាស់ថា សង្គ្រាមទ្រង់ទ្រាយធំវាយប្រហាររដ្ឋធានីអ៊ុយក្រែននឹងកើតឡើងក្នុងពេលឆាប់ៗនេះ ។ ជាមួយគ្នានេះដែរ កម្លាំងទាហានរុស្ស៊ីបានគ្រប់គ្រងដែនអាកាសទាំងស្រុងនៅក្នុងទឹកដីអ៊ុយក្រែន៕ ដោយ៖ធីរីណា

រូបភាពនៃក្បួនរថយន្តយោធារុស្ស៊ី នៅជិតក្រុងគៀវ។ រូបថត៖ Maxar

ប្រជាជន​អ៊ុយក្រែនរង់ចាំ​ជា​ជួរ​ដើម្បី​ឡើង​រថភ្លើង​ចេញ​ពី​ក្រុង​គៀវ​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ។ រូបថត៖ CNN


ចែករំលែក៖