ព័ត៌មានទាន់ហេតុការណ៍៖

ករណីសង្ស័យផ្ទុះអាវុធក្នុងផ្ទះវីឡាដ៏ធំនៅសង្កាត់គោកឃ្លាង!លោកមេប៉ុស្តិ៍ដួង វណ្ណៈ ថាមិនមែនទេ

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង វណ្ណៈ មេប៉ុស្តិ៍គោកឃ្លាងបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះថា ក្រោយពីកម្លាំងរបស់លោកបានចុះទៅដល់ទីតាំងនិងពិនិត្យផ្ទាល់ហើយបានហៅម្ចាស់ផ្ទះមកសាកសួរួចមកទើបដឹងថាមិនមែនជាករណីផ្ទុះអាវុធនោះទេ។ លោកមេប៉ុស្តិ៍បន្តថា តាមពិតរឿងនេះគឺជាករណីឈ្លោះគ្នាក្នុងគ្រួសារហើយក៏មានការបោកកែវនិងសម្ភារផ្សេងៗទើបបង្កការភ្ញាក់ផ្អើលឡើង លោកថាតាមការឱ្យដឹងពីពលរដ្ឋជិតខាងក៏មិនបានឭសំលេងផ្ទុះអាវុធនោះដែរ។សូមបញ្ជាក់ថា ករណីសង្ស័យផ្ទុះអាវុធនៅក្នុងផ្ទះវីឡាដ៏ធំមួយ ស្ថិតតាមផ្លូវបេតុងលេខ៥ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។

ប្រភពពីអ្នកជិតខាងបានឱ្យដឹងថា ករណីនេះមុនដំបូងគឺមានការជួបជុំគ្នាហូបចុកជាមួយគ្នាតាំងពីព្រលប់មក​ មិនដឹងមានរឿងអ្វី កណ្ដាលរាត្រីទៅហេីយ ក៏ឮសំឡេងស្រែកឡូឡាឈ្លោះប្រកែកគ្នាខ្លាំងៗ ហេីយក៏ឮស្នូរផ្ទុះអាវុធ ចំនួន៣គ្រាប់ផ្ទួនៗគ្នា​ ផ្អេីលអ្នកជិតខាង​រាយការណ៍ប្រាប់សមត្ថកិច្ចបានដឹងផងដែរ បន្តិចក្រោយមកមានរថយន្តទំនេីប២គ្រឿង​បេីកយ៉ាងលឿនចេញពីផ្ទះកេីតហេតុទៅបាត់​មុនក្រោយគ្នាបន្តិច​។ 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម គេឃើញមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលគោកឃ្លាង បានចុះទៅដល់ទីនោះភ្លាមដែរ ដោយសារយប់ជ្រៅទៅហេីយ ដែលវេលាកេីតហេតុនោះម៉ោងជិត១យប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២២នេះ ទេីបកម្លាំងសមត្ថកិច្ចមូលដ្ឋានមិនអាចចូលទៅក្នុងផ្ទះខាងលេីធ្វេីការត្រួតពិនិត្យ លោកមេប៉ុស្តិ៍គោកឃ្លាងបានឱ្យដឹងថា ក្រោយពីពិនិត្យនិងហៅម្ចាស់ផ្ទះទៅសាកសួរួចទើបដឹងថាករណីខាងលើនេះមិនមែនជាករណីផ្ទុះអាវុធនោះទេ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖