ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី១ ខែមីនាបានប្រកាសថា ករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសក្នុងរយៈពេល២៤ម៉ោងកន្លងមកមានរហូតដល់ទៅ៩៨.៧៦២នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ ករណីឆ្លងកូវីដ-១៩ គឺបានរកឃើញនៅក្នុងខេត្តក្រុងចំនួន៦៣ទូទាំងប្រទេស។
ខេត្តក្រុងដែលមានករណីឆ្លងកូវីដ -១៩ច្រើនបំផុតគឺរដ្ឋធានីហាណូយ មានករណីឆ្លងជាង១៣,៣ពាន់នាក់, ខេត្តបាក់និញមានករណីឆ្លង ៣,៩ពាន់នាក់, ទីក្រុងងេអាងមានករណីឆ្លងជាង៣,៨ពាន់នាក់។ ករណីឆ្លងភាគច្រើនស្ថិតនៅតំបន់ភាគខាងជើងប្រទេសវៀតណាម ដែលកំពុងស្ថិតនៅក្នុងរដូវរងា។ ដោយឡែកនៅទីក្រុងហូជីមិញដែលជាតំបន់ឆ្លងខ្ពស់ជាងគេក៏មានករណីឆ្លងថ្មី ២.០២២នាក់ផងដែរ។ ក្រៅពីករណីឆ្លងខ្ពស់ ក៏មានអ្នកស្លាប់៨៦នាក់ផងដែរ ។ ទោះបីមានអ្នកឆ្លងច្រើន ប៉ុន្តែអ្នកស្លាប់បានថយចុះ ដែលពីមុនមានរហូតដល់ជាង ៣០០នាក់ក្នុងមួយថ្ងៃ។
ពាក់ព័ន្ធនឹងករណីចាក់វ៉ាក់សាំង វៀតណាមបានចាកវ៉ាក់សាំងជូនពលរដ្ឋសរុបជាង១៩៤លានដូស។ ក្នុងនោះពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងមាន១៧៨លានដូស ។ ចំណែកកុមារមានអាយុចាប់ពី១២-១៧ឆ្នាំចាក់បានជាង ១៦,៧លានដូសហើយ ។ ជាមួយគ្នានេះក៏បានចាក់ដូសជំរុញបានរាប់សិបលានដូសផងដែរ៕
ដោយ៖ធីរីណា(រូបថត៖TTXVN-VNA)