ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកកំពង់ត្រឡាចសហការជាមួយមន្ត្រីអង្គការស៊ីម៉ាក់ដោះយកគ្រាប់កាំភ្លើងត្បាល់១គ្រាប់និងគ្រាប់បែកដៃ២គ្រាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បើទោះបីកន្លងមកអាជ្ញាធរមូលដ្ឋានសហការជាមួយអង្គការកម្ចាត់មីននិងម្ចាត់គ្រាប់រំសេវនានា បានដោះយកគ្រាប់មិនទាន់ផ្ទុះជាច្រើនលានហិកតាហើយក្តី គេនៅសង្កេតឃើញថា គ្រាបយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនទៀតនៅកប់ក្នុងដីនៅឡើយ។

ជាក់ស្ដែងដូចជានៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយកម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់ CMAC បានចុះយកគ្រាប់ចាស់ៗមិនទាន់ផ្ទុះ ចំនួន ០៣គ្រាប់ ជាប្រភេទគ្រាប់កាំភ្លើងត្បាល់៨១ម.ម ចំនួន ០១គ្រាប់ និងគ្រាប់បែកដៃ ចំនួន ០២គ្រាប់ នៅភូមិឈូកស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

  មន្ត្រីស៊ីម៉ាក់បាននិយាយឲ្យដឹងថាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះគឺបានបន្សល់ទុកមកតាំងពីសម័យសង្គ្រាមច្រើនទសវត្សរ៍មកហើយ។ ដោយសារបងប្អូនប្រជាពលរដ្ឋយល់ដឹងខ្ពស់អំពីការគ្រោះថ្នាក់នៃការផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ ដែលបន្សល់ទុកមកយូរឆ្នាំមកហើយនោះ ពេលបងប្អូនប្រទះឃើញក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាននិងរាយការណ៍បន្តមកអង្គភាពកំចាត់មីនទៅដោះយកទៅកម្ទេចចោលជៀសវាងបង្កគ្រោះថ្នាក់ដល់បងប្អូនជាយថាហេតុ។

  អង្គការការកម្ចាត់មីន ស៊ីម៉ាក់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ប្រសិនបើប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ឲ្យសោះ ។ សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីឱ្យអ្នកជំនាញទៅដោះយកគ្រាប់រំសេវមិនទាន់ផ្ទុះទាំងនោះយកទៅកម្ទេចចោលតាមលក្ខណៈបច្ចេកទេស៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖