ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុនសែន ៖ ចាប់ពីពេលនេះទៅ ផ្លូវនឹងចាក់បេតុង កៅស៊ូដើម្បីធានានូវការប្រើប្រាស់បានយូរ ជាចំណងដៃដល់ជនរួមជាតិ !

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា  បានរំម្លឹកពីប្រវត្តិនៃការសាងសង់ផ្លូវនៅប្រទេសកម្ពុជាដោយសម្ដេចថាពីមុនរដ្ឋាភិបាលចង់បានផ្លូវដែលវែងតែកៅស៊ូស្ដើងជាប់មិនបានយូរយ៉ាងណាសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋសិន ទោះជាយ៉ាងដោយសារការដឹកជញ្ជូនកាន់តែរីកចម្រើននោះចាំបាច់ត្រូវបង្កើននូវគុណភាពផ្លូវសម្រាប់ធ្វើដំណើរ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាចាប់ពីពេលនេះទៅការសាងសង់ផ្លូវត្រូវធ្វើផ្លូវដែលមានគុណភាពដោយបេតុងកៅស៊ូតែម្ដងដើម្បីធានាដល់ការប្រើប្រាស់។

សម្ដេចតេជោ ហ៊ុន សែន បន្តថា៖ «ហើយសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ផ្លូវនេះ» ។

សម្តេចតេជោ បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ នាថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិ លេខ៣ ចំណាយថវិកាជាង ២៥២លានដុល្លារ។ ក្នុងនោះ ប្រមាណ ៤០លានដុល្លារ ជាថវិកាបដិភាគរបស់ រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និង ដឹងគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែ ផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបបញ្ចេញ ថវិកាជាតិ ៥លានដុល្លារបន្ថែមទៀត សម្រាប់ដោះស្រាយ ផលប៉ះពាល់លើការសាងសង់ផ្លូវក្រវាត់ក្រុងទី៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ ចិនផ្តល់ថវិកា សាងសង់ ផ្លូវរួចរាល់២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ។ ស្ពានសាងសង់រួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ។ ថវិកាដែលរដ្ឋាភិបាល ចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពានមានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖