ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលចម្រុះខេត្តព្រះសីហនុ នៅរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានចេញល្បាតចល័ត ដេីម្បីរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធ្វើតេស្តរកសារធាតុញៀនលេីក្រុមអ្នកបេីកបររថយន្តធុនធំ។
បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកឧត្ដមសេនីយ៍ត្រី អ៉ី សុខា ស្នងការរងផែនការងារសណ្តាប់ធ្នាប់ និងលោកឧត្ដមសេនីយ៍ត្រី វ៉ែន រ៉ាវឿន បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយ ការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀន និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចេញល្បាតចល័ត រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងតេស្តរកសារធាតុញៀន។
គួរជម្រាបថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីម្សិលមិញនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន នៅចំណុចក្នុងវត្តវាលមាស ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ឈ្មោះ វ៉ន ខ្មៅ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបបមិនពិតប្រាកដ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែកដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៣កញ្ចប់ ,ទូរស័ព្ទដៃចំនួន០២គ្រឿង ។
បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖សហការី