ព័ត៌មានទាន់ហេតុការណ៍៖

បាក់ដីនៅទីតាំងខួងរ៉ែត្បូងនៅមីយ៉ាន់ម៉ា ស្លាប់១៥នាក់

ចែករំលែក៖

កាលពីថ្ងៃទី១ខែមីនា ពលរដ្ឋនៅក្នុងតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលជាតំបន់ខួងយករ៉ែត្បូងទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក បានប្រឈមនឹងគ្រោះថ្នាក់បាក់ដីទ្រង់ទ្រាយធំសម្លាប់មនុស្ស១៥នាក់និងបាត់ខ្លួន ៣៥នាក់។
ហេតុការណ៍គ្រោះថ្នាក់បាក់ដីនេះកើតឡើងតាំងពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ នៅក្នុងស្រុក Hpakant ស្ថិតក្នុងរដ្ឋ កាឈីន ដែលជាតំបន់ភ្នំដាច់ស្រយាលមួយ ។ ក្រុមសកម្មជននយោបាយបានលើកឡើងថា ការខួងយករ៉ែត្បូង គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ពលរដ្ឋនៅក្នុងតំបន់មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ដីនឹងកាកសំណល់ពីអណ្តូងរ៉ែត្បូងនៅជុំវិញភូមិ Ma Mone បានបាក់ស្រុកចុះពីកម្ពស់ ៩០ម៉ែត្រមកគ្របដណ្តប់លើកម្មករអណ្តូងរ៉ែជាង៥០នាក់របស់ក្រុមហ៊ុន YTT ។ មានម៉ាស៊ីនឈូស៣គ្រឿង និងរថយន្តដឹកដីក៏ត្រូវកប់នៅក្រោមគំនរដីបាក់បែកដែរ។
សកម្មជនសង្គមមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនខួងយករ៉ែត្បូងពី២០-៥០ក្រុមហ៊ុនបានខួងយករ៉ែដោយខុសច្បាប់។
កាលពីខែកក្កដាឆ្នាំ២០២០ក៏មានរណីបាក់ដីសម្លាប់មនុស្ស ១៦២នាក់ និងនៅឆ្នាំ២០១៥មានអ្នកស្លាប់១១៣នាក់ដោយការបាក់ដីអណ្តូងរ៉ែ។ កាលពីខែធ្នូ ឆ្នាំ២០២១ ក៏មានមនុស្ស៥នាក់ស្លាប់និង៧០ នាក់បាត់ខ្លួននៅក្នុងការបាក់ដីនៅអណ្តូងរ៉ែ Hpakantដែរ៕ ដោយ៖ ធីរីណា

រូបថត៖AFP


ចែករំលែក៖