ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  នៅខេត្តកំពង់ឆ្នាំង អ្នកស្រុកធ្វើពិធីឡើងអ្នកតាឃ្លាំងមឿងនិងប្រពន្ធអ្នកតារបស់គេនៅខែជេស្ឋដើម្បីសុំឲ្យមានភ្លៀងធ្លាក់តាមរដូវកាល និងឲ្យបានប្រកបដោយសេចក្តីសុខគ្រប់ ឯគ្រឿងសំណែនមានច្រើនមុខ ហើយសំខាន់ណាស់ ព្រោះគេឃើញមានដល់ទៅគោផង ។ របៀបបញ្ជាន់រូបអ្នកតា បើកាលណាអ្នកស្រុកសុំឲ្យមានភ្លៀងធ្លាក់ច្រើន សំណឹងដែលគេបបួលនោះចេះតែរាំលុះត្រាតែញើសចេញហៀរពេញទាំងខ្លួនដូចគេងូតទឹកទើបឈប់។ តែបើគេត្រូវការសុំសេចក្តីសុខវិញ ត្រូវទុកសំណែនទាំងឡាយលើសង្ឃឹក ហើយនាំយកទៅបញ្ចេញចោលនៅទី មួយឆ្ងាយអំពីភូមិស្រុក ដើម្បីបញ្ចៀសខ្មោចព្រាយបិសាចកុំឲ្យមកយាយីដល់អ្នកស្រុកអ្នកភូមិ។

  នៅខេត្តកំពង់ធំ អ្នកស្រុកធ្វើពិធីឡើងអ្នកតានៅខែជេស្ឋដែរ ខេត្តនោះមានអ្នកតាមួយក្រុមនៅក្នុងព្រៃក្នុងឃុំនិលពេជ្រ ។ អ្នកតាសំខាន់ជាងគេគឺ អ្នកតាស្រី ដែលមានរូបបដិមាស្រីជំទង់រាងស្គមមួយជាតំណាងហើយមានអ្នកតាបរិវារ ៦ នាក់ទៀតជាជំនួយមើលការខុសត្រូវក្នុងតំបន់នោះ។

  នៅពេលធ្វើពិធីគេរៀបសែនបូងសួងចំពោះអ្នកតាស្រីធំជាដំបូងដើម្បីសុំចូលព្រៃកាប់ឈើកុំឲ្យមានគ្រោះថ្នាក់អ្វី។ រួចគេឲ្យភ្លេងប្រគំុឡើងដើម្បីនឹងនាំគ្នាពូនភ្នំខ្សាច់។ ដល់ពេលរសៀលគេរៀបបញ្ជាន់រូបសំណឹងហើយអ្នកតាទាំងអម្បាលម៉ាន ចូលទៅជាន់រូបមួយម្ដងៗ ដរាបដល់គ្រប់ឈ្មោះអ្នកតា។ សូមជម្រាបថាមុនពេលបញ្ជាន់ រូបគេមានរៀបរណ្ដាប់សម្រាប់រូបដូចជា សំពត់អាវឆ្វេងស្ដាំ គ្រឿងអលង្ការ ប្រេង ម្សៅក្រាស់ កញ្ចក់ ។ ល។ ដែលជាប្រដាប់តែងខ្លួន ព្រោះអ្នកតាធំជាស្រី អ្នកតាចូលរូបកាលណាអ្នកស្រុកបែរបន់សុំសុខសប្បាយហើយរូបដែលជាន់នោះក៏ឆ្លើយតបទៅអ្នកស្រុកវិញដូចជាមនុស្សធម្មតាប្រាស្រ័យគ្នា។

  នៅនាទីក្រោយបំផុតនេះយើងសុំពណ៌នាអំពីអ្នកតាខាងដែលដែនខ្មែរក្រោម(កូសាំងស៊ីន)នៅខាងបារាយណ៍(បាសាក់) ម្ដង។តាមរឿងតំណាលពីព្រេងនាយមកថា កាលពីច្រើនសតវត្សរ៍មកហើយ មានព្រះញាតិវង្សនៃព្រះមហាក្សត្រពីរព្រះអង្គ ក្សត្រាមួយព្រះអង្គ ក្សត្រីមួយព្រះអង្គទ្រង់យាងទៅគង់នៅស្រុកបាសាក់នោះឯង តែគេពុំបានចាំព្រះនាមនៃព្រះអង្គម្ចាស់ទាំងពីរព្រះអង្គនោះទេ។ នៅទីនោះក្សត្រទាំងពីរព្រះអង្គ ទ្រង់នាំគ្នាកសាងវត្ត១ លុះដំណឹងនេះ ជ្រាបដល់ព្រះមហាក្សត្រជាព្រះវរបិតា ទ្រង់ក៏ត្រាស់បង្គាប់ឲ្យនាំព្រះរូបបដិមាព្រះវិស្ណុ១ ព្រះនាងឧមា១ និងថ្ម១ដុំ ដែលមានឆ្លាក់ជាព្រះពុទ្ធរូប ៥ព្រះអង្គ ផ្ទុកសំពៅយកទៅព្រះរាជទានដល់បុត្រទាំងពីរ។ ប៉ុន្តែសំពៅនេះនៅមិនទាន់ដល់កន្លែងផង ក៏ធ្លាយលិចទៅ។ ព្រះអង្គម្ចាស់ទាំងពីរព្រះអង្គទ្រង់ជ្រាបជាហេតុការណ៍ដូច្នោះ ទ្រង់ក៏យាងមកកាន់កន្លែងដែលសំពៅលិច ហើយទ្រង់ត្រាស់បង្គាប់ឲ្យស្រង់យករូបបដិមាទាំងអស់ឡើងយកទៅតម្កល់ទុកនៅកន្លែងដែលគេឃើញសព្វថ្ងៃនេះ។ ដោយហេតុដូច្នេះ ទើបអ្នកស្រុកនាំគ្នាប្រារព្ធហៅថាអ្នកតា” សំពៅធ្លាយ ” រហូតមក។

  នៅពេលឡើងអ្នកតា គេអុជទៀនបិទថ្មអ្នកតា រួចគេវាយស្គរធំបីបទ គេចាក់ស្រាសែនចំពោះមុខអ្នកតាបីដង រួចហើយគេយកស្រាស្រោចលើថ្មអ្នកតានោះទៀត។ គេចាប់យកម្ហូបក្បាលជ្រូក ក្បាលទា នំគ្រប់មុខ ដាក់ក្នុងសំពៅស្រទបចេកបញ្ចេរបញ្ជូនខ្មោចបិសាចចង្រៃឱ្យទៅផុតអំពីស្រុកភូមិ។ បន្ទាប់ពីនោះមកគេយកអំបោះទៅចងដៃកូនចៅ ចងកគោក្របី ដើម្បីឲ្យបានសេចក្តីសុខ។ ភ្លេងក៏ចេះតែលេងកំដរលុះត្រាចប់ពិធីនោះទៅ។

  តាមរឿងរ៉ាវដូចយើងបានអធិប្បាយមកខាងលើនេះ ជនជាតិខ្មែរជាអ្នកកាន់ប្រពៃណីនិយម ហើយនៅចេះចាំរក្សាទំនៀមទម្លាប់ព្រមទាំងរឿងរ៉ាវបរមបូរាណផង គួរតែខំស្រាវជ្រាវរករឿងទាំងនោះមករក្សាទុកកុំឱ្យរលាយរលត់បាត់ទៅទាន់៕(នៅមានត)

 

ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖