ភ្នំពេញ ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២
បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!
ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងខ្លួនខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្ស រីករាយសូមផ្ញើសារលិខិតមួយនេះ ជូនដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសសិល្បករ សិល្បការិនី ក្មួយៗ ជាយុវជន និងអ្នកស្រឡាញ់សិល្បៈវប្បធម៌ខ្មែរនៅគ្រប់ទិសទីទាំងអស់ក្នុងពិភពលោក ក្នុងឱកាសប្រារព្ធទិវា វប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។ ទន្ទឹមនឹងសារលិខិតមួយ នេះ ខ្ញុំក៏បានចេញសារាចរដាច់ដោយឡែកផ្សេងមួយទៀត ដើម្បីណែនាំដល់គ្រប់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ទាំងអស់ឱ្យចូលរួមរៀបចំកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២នេះ ឱ្យប្រព្រឹត្តទៅដោយ រលូន ស្របតាមគន្លងប្រក្រតីភាពថ្មីផងដែរ។ តាមរយៈសារាចរនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាគ្រប់ក្រសួងស្ថាប័ ននិងអង្គភាពពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការរៀបចំតាមលទ្ធភាពគ្រប់ៗគ្នា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៤នេះ ឱ្យបានព្រមៗគ្នានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។
ទោះបីក្នុងឆ្នាំ២០២២នេះ ទិវាវប្បធម៌ជាតិ ត្រូវបន្តរៀបចំទៅតាមគន្លងប្រក្រតីភាពបែបថ្មីក៏ដោយ ប៉ុន្តែនេះ គឺជាស្មារតីយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាទាំងចំពោះវប្បធម៌ជាតិនិងចំពោះសុខភាពសាធារណៈ ពិសេសនៅក្នុងកាលៈទេសៈដែលវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង បាននិងកំពុងរីករាលដាលឆ្លងខ្លាំងគួរឱ្យ កត់សម្គាល់នៅក្នុងសហគមន៍របស់យើង។ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាវប្បធម៌ជាតិ ចំនួន ២៣លើក រួចមកហើយ ដោយក្នុងនោះរាជរដ្ឋាភិបាល ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាសេនាធិការ តែងតែរៀបចំព្រឹត្តិការណ៍ និងកម្មវិធីផ្សព្វផ្សាយអំពី សិល្បៈវប្បធម៌ជាច្រើនដើម្បីអបអរសារទរនៅក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ។ ពីមួយឆ្នាំទៅ មួយឆ្នាំ កម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ ត្រូវបានរៀបចំកាន់តែអធិកអធមឡើងៗ ដោយចាប់ពីឆ្នាំ២០១៨ មក យើងបានរៀបចំឱ្យមានពិធីជួបជុំនិងទទួលទានអាហារសាមគ្គីដ៏ធំរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសិល្បៈវប្បធម៌ពីគ្រប់មជ្ឈដ្ឋានប្រមាណ៤០០០នាក់។ ដោយឡែក ចំពោះកម្មវិធីអបអរសាទរទិវាវប្បធម៌ ជាតិ លើកទី២៣ ក្នុងឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលបានផ្អាករាល់កម្មវិធីទាំងឡាយណាដែលមានការ ជួបជុំមនុស្សដោយផ្ទាល់ច្រើន និងសម្រេចរក្សាទុកត្រឹមការរៀបចំសារាចរ គំនូរផ្សាយ ឯកសារ វីដេអូ និងបដា អបអរសាទរជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍ ២០ កុម្ភៈ។
បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះ ការងារវប្បធម៌ដែលជាដួងព្រលឹង ជាអត្តសញ្ញាណ ជាកិត្យានុភាព និងជាមោទនភាពរបស់ជាតិ។ ទោះបីរង ការរំខានពីការរីករាលដាលឆ្លងនៃជំងឺកូរ៉ដ-១៩ជាបន្តបន្ទាប់យ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយក ចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ជានិច្ច ដោយក្នុងនោះទិវាវប្បធម៌ជាតិមិនដែលត្រូវបានអាក់ខានក្នុងការ រៀបចំម្តងណាឡើយ។ បើមិនមានជំងឺកូវីដ-១៩ទេសមពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំ កម្មវិធីអបអរសាទរយ៉ាងអធិកអធម ឱ្យសក្ដិសមជាមួយនឹងគុណូបការៈដ៏ធំធេងរបស់បុព្វបុរសខ្មែរដែលបាន បន្សល់ទុកនូវស្នាដៃអច្ឆរិយៈដ៏មហស្ចារ្យសម្រាប់ប្រជាជាតិខ្មែរ និងសមស្របទៅតាមការអភិវឌ្ឍរីកចម្រើនរបស់ ប្រទេសកម្ពុជានាពេលបច្ចុប្បន្នជាក់ជាមិនខាន។ ទោះបីឆ្នាំ២០២១គឺជាពេលវេលាដ៏លំបាកជាងគ ដោយសារ ការបិទខ្ទប់ប្រទេសនិងភូមិសាស្ត្រសំខាន់ៗស្ទើរជិតមួយឆ្នាំពេញក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តរក្សាកញ្ចប់ ថវិកាសម្រាប់ជួសជុលនិងថែទាំប្រាសាទក្នុងតំបន់បេតិកភណ្ឌពិភពលោកដដែល ដោយមិនបានធ្វើវិចារណកម្ម នោះទេ។ ទន្ទឹមគ្នានេះ សិល្បករសិល្បការិនីនៅក្រៅប្រព័ន្ធ ក៏ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ផ្តល់អាទិភាព ឱ្យទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងពេលតែមួយជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ កាលពីឆ្នាំ២០២១កន្លងទៅ។
ទន្ទឹមនឹងការងារអភិរក្សវប្បធម៌ដែលយើងបានអនុវត្តជាច្រើនកន្លងមកចាប់តាំងពីក្រោយការដួលរលំរបប ខ្មែរក្រហម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យដ៏វែងឆ្ងាយនិងប្រកបដោយមហិច្ឆតាមួយក្នុងការ ប្រែក្លាយសក្តានុពលវប្បធម៌ជាតិដែលមានស្រាប់ បូករួមជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍឧស្សាហកម្មវប្បធម៌និង ច្នៃប្រឌិតថ្មីៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងពិពិធកម្ម ស្របទៅតាម បរិបទនៃការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់និងពិភពលោក។ ជាក់ស្ដែង សម្រាប់និន្នាការនៅក្នុងតំបន់ សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា”អាស៊ាន” បាននិងកំពុងរៀបចំក្របខណ្ឌយុទ្ធសាស្ត្ររួមមួយ ដោយបើ ប្រាស់យន្តការសហគមន៍សង្គមវប្បធម៌និងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិតរបស់ តំបន់ឱ្យមានវិបុលភាពដូចបណ្តាប្រទេសអភិវឌ្ឍន៍នៅលោកខាងលិច ស្របពេលដែលអង្គការសហប្រជាជាតិ បានប្រកាសយកឆ្នាំ២០២១ ធ្វើជា “ឆ្នាំអន្តរជាតិនៃសេដ្ឋកិច្ចច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍប្រកដោយចីរភាព” (International Year of Creative Economy for Sustainable Development)។ ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រី វប្បធម៌នៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងលោកទាំង២០ (G20) ក៏បានឯកភាពគ្នាជា ប្រវត្តិសាស្ត្រលើកដំបូងកាលពីឆ្នាំ២០២១កន្លងទៅ ដាក់ចេញនូវ ។សេចក្ដីថ្លែងការណ៍របស់ប្រទេស G20 ស្តីពី វប្បធម៌” (G20 Declaration on Culture) ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់វប្បធម៌នៅក្នុងតួនាទីស្ដារ សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពបន្ទាប់ពីវិបត្តិកូវីដ-១៩ តាមរយៈអាទិភាពគន្លឹះចំនួន៥ រួមមាន កិច្ចគាំពារបេតិកភណ្ឌវប្បធម៌, វប្បធម៌និងការប្រែប្រួលអាកាសធាតុ, វប្បធម៌និងការអប់រំ, ឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត, និងវប្បធម៌ក្នុងបរិវត្តកម្មឌីជីថល។ នៅក្នុងន័យនេះ គ្រប់ប្រទេសទាំងអស់ រួមទាំងប្រទេសកម្ពុជាផងដែរ គឺ បាននិងកំពុងបង្កើនសកម្មភាពនិងការវិនិយោគទៅក្នុងវិស័យវប្បធម៌កាន់តែច្រើនឡើង ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ខ្លួន ឱ្យស្របទៅតាមបរិបទថ្មីៗនាពេលបច្ចុប្បន្ន។
ទោះបីរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩យ៉ាងណាក្តី សិល្បៈវប្បធម៌កម្ពុជានៅតែមានភាពធន់ ប្រៀប បានទៅនឹងកងទ័ពជួរក្រោយ ដែលតែងតែបង្ហាញសកម្មភាពជាប្រចាំក្នុងការជួយជំរុញលើកទឹកចិត្ត ដល់កង ទ័ពជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងតតាំងជាមួយមេរោគដ៏កាចសាហាវមួយនេះ។ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងភាពជាដៃគូល្អរវាងរដ្ឋនិងឯកជន ធ្វើឱ្យឧស្សាហកម្មភាពយន្ត ចម្រៀង និង តន្ត្រីកម្ពុជា មានការប្រែប្រួលមុខមាត់កាន់តែប្រសើរឡើងគួរជាទីមោទនៈទាំងនៅក្នុងប្រទេសនិងនៅលើឆាក អន្តរជាតិ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ឧស្សាហកម្មចម្រៀងនិងភាពយន្តខ្មែរ ពិសេសភាពយន្ត សម្រាប់ចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ គឺត្រូវបានផលិតជាស្នាដៃនិពន្ធថ្មីបានកាន់តែច្រើន ហើយគុណភាព ក៏កាន់តែល្អប្រសើរស្របទៅតាមតម្រូវការសង្គមបច្ចុប្បន្ន។ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវសេចក្តីសប្បាយ រីករាយនិងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តនិងឆន្ទៈរបស់បងប្អូនជនរួមជាតិនៅក្នុងវិស័យឯកជនទាំងអស់ ដែលបានខិតខំនិពន្ធនិងបង្កើតស្នាដៃសិល្បៈថ្មីៗដែលមានគុណភាពស្របតាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិង សិទ្ធិប្រហាក់ប្រហែល ដោយក្នុងនោះក៏មានការចូលរួមជួយលើកកម្ពស់សិល្បៈវប្បធម៌បុរាណខ្មែរនៅក្នុងស្នាដៃ និពន្ធថ្មីរបស់ខ្លួនផងដែរ។ ឧស្សាហកម្មភាពយន្ត ចម្រៀង និងតន្ត្រី គឺជាឧស្សាហកម្មច្នៃប្រឌិតនៅក្នុងវិស័យ វប្បធម៌ដែលមានសក្តានុពលមិនចេះរីងស្ងួត ដែលតួអង្គក្នុងវិស័យឯកជនទាំងអស់ត្រូវខិតខំទាញយកឱកាស ទាំងនេះឱ្យបានជាអតិបរមា ជាពិសេសនៅពេលដែលរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការឡើងវិញនូវ សកម្មភាពសង្គមនិងសេដ្ឋកិច្ច រួមទាំង សារមន្ទីរ រោងភាពយន្ត រោងសម្ដែងសិល្បៈ ក៏ដូចជាការរៀបចំពិធី អាពាហ៍ពិពាហ៍និងពិធីបុណ្យប្រពៃណ៌នានាជាដើម។ ការដាក់ចេញនូវនីតិវិធីប្រតិបត្តិស្តង់ដារ(SOP)សម្រាប់ សកម្មភាពសិល្បៈវប្បធម៌ បូករួមនឹងភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំង ប្រទេសខ្ញុំពិតជាមានសុទិដ្ឋិនិយមថាឧស្សាហកម្មវប្បធម៌កម្ពុជានឹងមានសន្ទុះងើបឡើងវិញឆាប់ និងចូលរួម ស្តារជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា ទាំងនៅក្នុងអំឡុងនិងក្រោយពេលវិបត្តិកូវីដ-១៩៕
ដោយ ៖ សុខ ខេមរា