ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ កាលពីរសៀលថ្ងៃទី ២ ខែមីនាឆ្នាំ ២០២២ នេះ បានដឹកនាំកម្លាំងចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍គីឡូ១៣ កម្លាំងយោធាផ្នែកសឹករងសំពៅលូន និងកម្លាំងយោធាវរសេនាតូច៥៣៣ ដើម្បីទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពី ប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ នៅត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ១១៨នាក់ (ស្រី ៣១នាក់) ក្មេង ១៤នាក់ (ក្មេងស្រី ០៥នាក់) ។
ប្រភពពីមន្រ្តីនគរបាលការពារព្រំដែនកម្ពុជា- ថៃ ឈរជើងនៅចំណុចខាងលើបានឲ្យដឹងថា បងប្អូនទាំងអស់នេះបានទៅស៊ីឈ្នួលធ្វើពលកម្មនៅប្រទេសថៃជាច្រើនខែមកហើយ ហើយដោយពេលនេះអាជ្ញាធរថៃបានរឹតបន្តឹងការស្នាក់នៅក៏ដូចជាខ្លាចឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ទើបអាជ្ញាធរថៃចាត់បញ្ជូនបងប្អូនវិលត្រឡប់មកកម្ពុជាវិញ។ ក្រោយពីទទួលបានបងប្អូនទាំងនេះ កម្លាំងចម្រុះបានកត់ឈ្មោះ ធ្វើកំណត់ហេតុនិងបានអប់រំណែនាំ ហើយសំណូមពរសុំបងប្អូនសហការដើម្បីត្រួតពិនិត្យសម្ភារៈហាមឃាត់។ ជាមួយនេះក៏ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ដោយជាលទ្ធផល ៖ ដកហូតបានកាំបិត០៨ដើម រួចបានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍។ ជាលទ្ធផលរកឃើញ វិជ្ជមានចំនួន ០៦នាក់ (ស្រី ០៣នាក់) បន្ទាប់មកក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមានចំនួន ០៦នាក់ នោះទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ចំនួន ៦២នាក់ (ស្រី ១៥នាក់) ក្មេង ០៧នាក់ (ក្មេងស្រី ០២នាក់) ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ ។ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស៊្គែនអត់ចេញ ចំនួន ៥០នាក់ (ស្រី ១៣នាក់) ក្មេង ០៧នាក់ (ក្មេងស្រី ០៣នាក់) ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កត្រង់ចំណុចរោងចក្រម្សៅមីស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងដើម្បីពិនិត្យសុខភាពបន្ត ៕
ដោយ ៖ ប្រាថ្នា