ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាស្រឡាញ់”សន្តិភាព” ! កម្ពុជាបោះឆ្នោតគាំទ្រឱ្យមានការបញ្ចប់ការ វាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន

ចែករំលែក៖

អង្គការសហប្រជាជាតិ ៖ កម្ពុជាស្រឡាញ់”សន្តិភាព” ! កម្ពុជាបោះឆ្នោតគាំទ្រឱ្យមានការបញ្ចប់ការ វាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ដូច្នេះ ប្រទេសចំនួន ១៤១ ក្នុងនោះក៏មានកម្ពុជាផងដែរបានបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិទាមទារឱ្យបញ្ចប់ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។

សូមបញ្ជាក់ថា, ដំណោះស្រាយទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ» ត្រូវបានសមាជិកភាគច្រើននៃសអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្រកាលពីយប់មុិញដោយសំឡេង ១៤១ ទល់នឹង ៥ ខណៈមានប្រទេស ៣៥អនុប្បវាទ។

ការបោះឆ្នោតបានបិទបញ្ចប់សម័យប្រជុំបន្ទាន់ពិសេសដ៏កម្រនៃមហាសន្និបាត ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលដែលប្រទេសនានាបានឡើងវេទិកាដើម្បីប្រកាសជំហររបស់ពួកគេលើវិបត្តិនេះ។

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Abdulla Shahid ថា៖ «ខ្ញុំចូលរួមជាមួយរដ្ឋសមាជិកក្នុងការសម្តែងការព្រួយបារម្ភអំពី របាយការណ៍នៃការវាយប្រហារលើមូលដ្ឋានជនស៊ីវិល ដូចជាលំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យ និងការស្លាប់បាត់បង់ជីវិតរបស់ជនស៊ីវិល រួមទាំងស្ត្រី មនុស្សចាស់ ជនពិការ និងកុមារ»។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងប្រាប់អ្នកការសែតថាក្រោយការបោះឆ្នោតនេះអង្គការសហប្រជាជាតិនឹងមានកាតាព្វកិច្ចឈរលើដំណោះស្រាយ និងដឹកនាំដោយការអំពាវនាវរបស់ខ្លួន។

លោកថា៖ «សាររបស់មហាសន្និបាតគឺខ្លាំង និងច្បាស់! សូមបញ្ចប់អរិភាពនៅអ៊ុយក្រែនឥឡូវនេះ។ ស្ងាត់កាំភ្លើងឥឡូវនេះ។ បើកទ្វារសម្រាប់ការសន្ទនា និងការទូតឥឡូវនេះ»។

ប្រទេសចំនួន ៥ដែលបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះមាន បេឡារុស កូរ៉េខាងជើង អ៊ីត្រៀ រុស្ស៊ី និងស៊ីរី។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យល់ពីការចាប់ផ្តើមប្រតិបត្តិការយោធាដោយភាពចាំបាច់ជាបន្ទាន់ដើម្បី «ធ្វើឱ្យអ៊ុយក្រែនគ្មានយោធា» ដើម្បីការពារសាធារណរដ្ឋ Donbass និងដើម្បីធានាថារុស្ស៊ីនឹងមិនត្រូវបានដាក់នៅក្រោមការគំរាមកំហែងដោយណាតូពីទឹកដីអ៊ុយក្រែន។

លោកខាងលិចដែលដឹកនាំដោយអាមេរិកបានឆ្លើយតបនឹងការវាយលុកដោយការដាក់ទណ្ឌកម្មថ្មីយ៉ាងតឹងរ៉ឹងលើរុស្ស៊ីចំពោះការវាយប្រហារនេះ និងបានត្រៀមអាវុធដើម្បីគាំទ្រដល់អ៊ុយក្រែនផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានអាស៊ានឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញនោះឡើយ។ ពេលនេះ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង, បញ្ហានៅមីយ៉ាន់ម៉ា, នៅពេលនេះមានបញ្ហាសង្គ្រាម រុស្ស៉ី-អ៊ុយក្រែន បន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ។ សម្តេចតេជោ បានមានប្រសាសន៍ថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះ បានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។ សម្តេចតេជោនៅតែជឿថា រុស្ស៉ី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ ហើយសម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា។ សម្តេចតេជោបានបញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ។ សម្តេចតេជោបានបន្តថា សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយពេលនេះក៏អាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាស្រឡាញ់”សន្តិភាព” ! កម្ពុជាបោះឆ្នោតគាំទ្រឱ្យមានការបញ្ចប់ការ វាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ដូច្នេះ ប្រទេសចំនួន ១៤១ ក្នុងនោះក៏មានកម្ពុជាផងដែរបានបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិទាមទារឱ្យបញ្ចប់ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖