ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំងត្រូវបានរកឃើញថាមិនមានភាពអនុលោមក្នុងខេត្តចំនួន៥។
ជាក់ស្ដែងមន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៣៤ទីតាំងស្ថិតក្នុងខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ធំ និងខេត្តកណ្ដាល នៅថ្ងៃទី១ និងទី២ ខែមីនា ឆ្នាំ២០២២នេះ។ ក្នុងចំណោម ៣៤ទីតាំងដែលបានត្រួតពិនិត្យខាងលើ មន្ត្រីជំនាញបានរកឃើញដេប៉ូចំនួន ១១ទីតាំងមិនមានភាពអនុលោម។
ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យម្ចាស់ដេប៉ូធ្វើការកែតម្រូវ និងឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
គួរជម្រាបថា ក្នុងប្រតិបត្តិការនោះដែរ គោលបំណងនោះគឺដើម្បីការពារនូវផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងស្វែងរកភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈដែលកើតចេញពីម្ចាស់ស្ថានីយ និងដេប៉ូប្រកបរបរមិនសុចរិតក្នុងវិស័យមួយនេះផងដែរ៕
ដោយ៖ស តារា