ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ក្នុង ព្រះរាជាណាចក្រកម្ពុជាជ្រាបថា ទោះជាមានការវាយលុកខ្លាំងដោយជំងឺរាតត្បាតកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) នាពេលបច្ចុប្បន្ន ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្តល់ ភាពកក់ក្ដៅ (Safe and Warm) ដែលឆ្លងតាមការវាយតម្លៃក្នុងសូចនាករ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា(SOPs) របស់ក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក។
យោងតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ឲ្យបើកទេសចរណ៍អាស៊ានឡើងវិញជាបណ្តើរៗ ដោយត្រូវជំរុញបើកទេសចរផ្ទៃក្នុងរបស់ខ្លួន (Intra-ASEAN Travel) ឲ្យបានឆាប់ចំពោះមុខតាមរយៈការគិតគូររៀបចំ អនុវត្តច្រករបៀង នៃការធ្វើដំណើរក្នុងតំបន់អាស៊ាន (ASEAN Travel Corridor), ការគិតគូរបង្កើតឲ្យមានប្រព័ន្ធរួម ទទួលស្គាល់ការចាក់វ៉ាក់សាំង ដូចជាលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង តាមប្រព័ន្ធឌីជីថល (Digital Vaccination Certificate) និងតាមស្មារតីរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានឯកភាពជំរុញអនុវត្តផែនការស្តារវិស័យទេសចរណ៍ ឡើងវិញ និងគោលការណ៍ណែនាំអាស៊ានស្តីពីវិធានសុវត្ថិភាព និងអនាម័យអាស៊ានស្របតាមសេចក្ដីថ្លែងការណ៍ ភ្នំពេញ ស្ដីពីទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់កាន់តែប្រសើរ។
ក្នុងន័យនេះក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ក្នុងព្រះរាជា ណាចក្រកម្ពុជា ចូលរួមបន្តអនុវត្ត និងផ្សព្វផ្សាយឲ្យបានផុសផុល នូវវិធានសុវត្ថិភាពក្រសួងសុខាភិបាល វិធានសុវត្ថិភាព ក្រសួងទេសចរណ៍ (SOPs) ជាពិសេស ៣កុំ ៣ការពារ ដើម្បីធានាសុវត្ថិភាព និងការពេញចិត្តដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទស្សនាកម្ពុជា៕
ដោយ ៖ សុខ ខេមរា