ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា
សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយមហានក្ខត្តឬក្សឧត្ដុង្គឧត្តម ដែលនារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចនារីនៅទូទាំង សកលលោក ចូលរួមអបអរខួបទី ១១១ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមមូលបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេល អនាគត” ខ្ញុំម្ចាស់ ព្រមទាំងសហការី នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរ បវរសួស្តី សិរីមហាប្រសើរ ថ្វាយ សម្តេចព្រះបហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពស្រឡាញ់ស្មើនឹងជីវិត សូម ព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អជានិច្ចនិរន្តរ៍ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បី សម្តេចម៉ែ ស្តេចគង់ប្រថាប់ជាម្លប់អម្រឹតត្រជាក់ត្រជំដល់ប្រជានុរាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គគ្រប់រូបនៅ ទូទាំងប្រទេស ជ្រកកោនប្រកបដោយក្តីសុខដុមរមនា ជាដរាបតរៀងទៅ។
ក្នុងអភិលក្ខិតសម័យដ៏មហាថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការី សូមលំឱនកាយថ្វាយនូវព្រះមហាករុណាទិគុណ ប្រកបដោយ កតញ្ញូ កតវេទិតាធម៌ ដ៏ជ្រាលជ្រៅជាអតិបរមា ចំពោះព្រះរាជសារ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ដែលព្រះអង្គបានប្រោសព្រះរាជទានព្រះរាជតម្រិះគាំទ្រនូវមូលបទនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២. ផ្តោត ជាសំខាន់លើគុណតម្លៃស្ត្រី ក្នុងគោលបំណងរំលេចពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសលើកិច្ចអភិវឌ្ឍនៅ គ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ។ លើសពីនេះទៅទៀត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តែងប្រកាន់ខ្ជាប់នូវព្រះរាជទសពិធរាជធម៌ និងព្រះមនុស្សធម៌ដោយព្រះរាជហឫទ័យជ្រះថ្លាប្រោស ព្រះរាជទាននូវអភិរម្យដ៏ត្រជាក់ត្រជំ ជាមួយការផ្ញើសេចក្តីនឹករលឹបើកមកដល់បងប្អូន កូនចៅ ចៅទួតរបស់ព្រះអង្គ ជាពិសេស ហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង ជានិច្ចកាលស្ដេចតែងមានព្រះរាជឫទ័យទូលំទូលាយ ប្រោសព្រះរាជទាននូវ ព្រះរាជូបត្ថម្ភបរិច្ចាគព្រះរាជទ្រព្យផ្ទាល់ព្រះកាយព្រះអង្គ ចំពោះកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដើម្បីជួយសម្រាលទុក្ខ លំបាកប្រជានុរាស្ត្ររងគ្រោះដោយគ្រោះធម្មជាតិចម្លែកៗ និងអ្នកដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងមាន ព្រះរាជកិច្ចគាំទ្រស្មារតីក្នុងគ្រប់ពេលវេលា ដែលជាបុព្វបទនៃជោគជ័យរបស់កាកបាទក្រហមកម្ពុជា ដោយព្រះរាជហឫទ័យ ជ្រះថ្លាជាអនេកប្បការ និងជាភិយ្យោភាពបំផុត។
ស្ថិតក្នុងវរោកាសដ៏វិសេសវិសាលឧត្តុង្គឧត្តមនេះ ខ្ញុំម្ចាស់ និងសហការី សូមលើកហត្ថប្រណមឧទ្ទិសបួងសួងដល់ តេជះបារមី ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដូងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជទានព្រះពរជ័យ មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះបររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គស្ដេចទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចព្រះបហារតី ព្រះបររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនាការ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់ ៕
ដោយ ៖ សុខ ខេមរា