ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច បន្តឃាត់ខ្លួនជនសង្ស័យកូនកំលោះនិងពូកូនក្រមុំបន្ថែមទៀតក្នុងករណីផ្ទុះហឹង្សានៅរោងការ ស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ពី លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានបញ្ជាកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ស្វាយតាយាន ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យជាកូនកំលោះនិងពូកូនក្រមុំ២នាក់បន្ថែមទៀតសរុបចំនួន០៤នាក់ប្រុស ក្នុងករណីផ្ទុះហឹង្សានៅរោងការ ស្រុកកំពង់រោទិ៍។

បើតាមលោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍បានអោយដឹងនៅព្រឹកថ្ងៃទី៥ខែមីនាឆ្នាំ២០២២ថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ រ៉ា ដេត អាយុ៤៤ឆ្នាំ  មុខរបរកសិកររស់នៅ ភូមិ ពោធិ៍ថ្មី ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនិងឈ្មោះស៊ុនរឿន អាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រ ត្រូវជាកូនកំលោះ រស់នៅភូមិចេក ឃុំសំឡី ស្រុកកំពង់រោទិ៍។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់។

សូមរំលឹកឡើងវិញថា មានករណីហិង្សាមួយបានកើតឡើងខណៈសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីហិង្សាក្នុងពិធីមង្គលការមួយកន្លែងបណ្ដាលអោយបុរសម្នាក់រងរបួសក្បាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣ខែមីនា ឆ្នាំ២០២២ស្ថិតនៅក្នុងភូមិពោធិ៍ថ្មី ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះសិ ហូត អាយុ២៤ឆ្នាំ មុខរបរកម្មករ រោងចក្ររស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍និងឈ្មោះហេងហៃ អាយុ១៨ឆ្នាំ មុខរបរកម្មកររោចក្ររស់នៅនៅភូមិសាឡាង ឃុំវាលវែងស្រុកអង្គបូរី ខេត្ត កំពង់ចាម។

ចំណែកម្ចាស់ផ្ទះការមានឈ្មោះ ព្រាប សូត ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

រីឯបុរសរងគ្រោះមានឈ្មោះថា លីជុង មុខរបរកម្មកររោងចក្រអាយុ២៥ឆ្នានៅ ភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង រងរបួសចំក្បាលបណ្តាលអោយរងស្រាល។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានភ្ញៀវជាច្រើនបាននាំគ្នាអញ្ចើញចូលរួមហូប មង្គលការម្នាក់ៗមានទឹកមុខយ៉ាងសប្បាយរីករាយទាំងភ្ញៀវកូនកំលោះនិងកូនក្រមុំ។

ប្រភពបន្តថាលុះនៅវេលាកើតហេតុស្រាប់តែមានក្មេងពីរក្រុមបានផឹកស៊ីឡើងអាការៈស្រវឹងរួចក៏មានជម្លោះពាក្យសម្ដីគ្នាក៏ឈានទៅរកការបើកឆាកប្រយុទ្ធគ្នាផ្អើលពេញរោងការបណ្ដាលអោយភ្ញៀវរត់ប្រសេចប្រសាចបណ្ដាលអោយបុរសម្នាក់រងរបួស។

ក្រោយពីមានហេតុការខាងលើសមត្ថកិច្ចបានមកដល់ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់មកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលស្វាយតាយាននិងយកជនរងគ្រោះមកព្យាបាលមុខរបួសផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖