ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលសេដ្ឋកិច្ចខេត្តសៀមរាបចុះទៅត្រួតពិនិត្យការធ្វើអាជីវកម្មបកអាចម៍ដីនិងណែនាំដល់ម្ចាស់ទៅសុំច្បាប់ឱ្យបានត្រឹមត្រូវ

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​  កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ សុខ​ ភិ​រម្យ​ នាយ​រង​ការិយាល័យ​ បាន​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ បានចុះ​ត្រួតពិនិត្យ​ទីតាំង​បក​យក​អាចម៍ដី​ ០១​ ទីតាំង​(​មាន​អាជ្ញាប័ណ្ណ​ចល័ត​)​ ប៉ុន្តែ​ពុំ​ទាន់​មានច្បាប់​ស្តី​ពី​កិច្ចសន្យា​ការពារ​បរិស្ថាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​នៅឡើយ។

  ការចុះត្រួតពិនិត្យសកម្មភាពកាយអាចម៍ដីយកទៅលក់ដោយមិនទាន់មានច្បាប់ត្រឹមត្រូវនេះប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមីនាឆ្នាំ២០២២ នៅ​ភូមិ​បែក​កាំភ្លើង​ ឃុំ​ចាន់​ស​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប ដែល​ម្ចាស់​អាជីវកម្ម​ឈ្មោះ​ ស៊ា​ន​ សុ​ម៉ៃ​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​។

  ក្នុងនោះដែរសមត្ថកិច្ចចម្រុះបានដកហូតគ្រឿងចក្រមួយចំនួនមានដូចជា  អេស្កាវ៉ាទ័រ១គ្រឿង និងរថយន្តដឹកដីចំនួន ៤ គ្រឿង។

  ក្រោយធ្វើការត្រួតពិនិត្យដឹងថាការធ្វើអាជីវកម្មនេះមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវសមត្ថកិច្ចបាន​ធ្វើ​កិច្ចសន្យា​ឱ្យ​ម្ចាស់​អាជីវកម្ម​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​ស្តី​ពី​កិច្ចសន្យា​ការពារ​បរិស្ថាន​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​សិន​ ទើប​អាច​ធ្វើ​អាជីវកម្ម​ឡើង​វិញ​បាន​ ។​

  ទទួលបានការណែនាំពីសមត្ថកិច្ចជំនាញបែបនេះម្ចាស់អាជីវកម្មបកអាចម៍ដី ស៊ា​ន​ សុ​ម៉ៃ​បានយល់ព្រមនិងសន្យាថា នឹងត្រូវទៅបំពេញបែបបទតាមមន្ទីរពាក់ព័ន្ធឲ្យបានត្រឹមត្រូវតាមច្បាប់ដើម្បីបន្តធ្វើអាជីវកម្មឲ្យបានសមស្រប៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖