ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ទី០៥ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា មានករណីក្មេងប្រុសម្នាក់ វង្វេងឪពុកម្តាយ។
ប្រភពដដែលបន្តថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រទះឃើញក្មេងម្នាក់វង្វេង អាយុប្រហែល៨ឆ្នាំ ខណៈដែលក្មេងប្រុសរូបនេះ ឈរយំតែម្នាក់នៅតាមផ្លូវ។
ជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានប្រកាសស្វែងរកអាណាព្យាបាលរបស់ក្មេងប្រុសខាងលេីនេះ ដូច្នេះប្រសិនបើបងប្អូនបាត់ក្មេងប្រុសដូចក្នុងរូបខាងក្រោម សូមទំនាក់ទំនងទូរស័ព្ទលេខ 012 23 25 98 / 016 996 567។
គួរជម្រាបថា កាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាពិក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានប្រទះឃើញក្មេងម្នាក់រង្វេងផ្លូវនៅមុខសាលាទួនហ្វា ផ្លូវលេខ១៧៣ កែងផ្លូវ៣១០។ ដោយក្មេងប្រុសអាយុប្រហែល៥ ទៅ៦ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌លឿងរូបតុកត្តា ស្លៀកខោជើងវែងក្រឡា ក្រហម ខ្មៅ ពាក់ស្បែកជើងពណ៌ខៀវ។ ក្រោយប្រកាសរួចក្រុមគ្រួសារក្មេងប្រុសរូបនេះ បានមកទទួលយកត្រឡប់ទៅផ្ទះវិញផងដែរ៕
ដោយ៖សហការី