ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តទៅបុកតូបអ្នកលក់ដូរ រួចហើយបន្តទៅបុករបងរុញផ្ទប់នឹងរថយន្តចតស្ងៀមបង្កការខូចខាតយ៉ាងដំណំ

ចែករំលែក៖

      ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបេីករថយន្តព្រូសបត់កៀរម៉ូតូមួយគ្រឿងបណ្តាលឱ្យដួល រួចបន្តទៅបុកតូបអ្នកលក់ដូរ ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុករបងដែករុញផ្ទប់ទៅលើរថយន្តកូរ៉េឃ្លុបដែលគេចតទុកស្ងៀមធ្វើឲ្យរងខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង៤និង៤០នាទីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅដីវាលជាប់ស្ថានីយប្រេង លីម ឡុង វិថីចោមចៅ ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 

   រថយន្តបង្កហេតុម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-7202 បើកបរដោយបុរសម្នាក់មានវ័យជាង៣០ឆ្នាំ មានទីលំនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

   តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុរថយន្តខាងលើនេះបានបើកបរតាមវិថីចោមចៅពីកើតទៅលិច ដែលតាមអ្នកបើកបរបាននិយាយថាគាត់ទើបតែចេញពីផឹកសុីនៅខណ្ឌមានជ័យ ក្នុងគោលបំណងបើកទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ គាត់បានឈប់រថយន្តហើយបើកថយក្រោយបន្តិចដើម្បីបត់ក៏ជ្រុលទៅកៀរម៉ូតូហុងដាឌ្រីមមួយគ្រឿងបណ្តាលឱ្យដួល។ ភ្លាមៗនោះគាត់បានបន្ថែមល្បឿន បត់ចូលដីវាលក៏ជ្រុលទៅបុកតូបអ្នកលក់ដូរ ហើយរថយន្តមិនទាន់អស់ល្បឿនទើបបន្តទៅបុករបងដែកប៉ើងខ្ទាតទៅផ្ទប់នឹងរថយន្តកូរ៉េឃ្លុបមួយគ្រឿងទៀតដែលចតឈប់ក្នុងការាសបណ្តាលឲ្យរថយន្តឃ្លុបបែកកញ្ចក់ចំហៀង រីឯតូបលក់ដូរខូចខ្ទេចអស់ បែកបាក់តុ កៅអី ខ្ទាតរាយប៉ាយ ចំណែករថយន្តរបស់គាត់ខ្ទេចមុខ បែកកញ្ចក់ខ្ទេច ។  អ្នកបើកបររថយន្តបង្កហេតុបានឱ្យដឹងទៀតថា គាត់ច្រឡំផ្លូវទៅផ្ទះ ហើយរថយន្តនេះគាត់ខ្ចីមិត្តភក្តិជិះទៅផ្ទះ ហើយក៏មកជួបរឿងបែបនេះតែម្តង ។ តែទោះជាយ៉ាងណាក្តី ឃើញមានមិត្តភក្តិ អ្នកស្គាល់គ្នាជាមួយអ្នកបើករថយន្តចេញមុខមកសម្របសម្រួលជាមួយភាគីខាងរងគ្រោះ ដោយសុខចិត្តចេញសងរាល់ការខូចខាតទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ហើយក៏បើករថយន្តយកទៅជួសជុលដោយខ្លួនឯង ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖