ព័ត៌មានទាន់ហេតុការណ៍៖

តាមដានប្រវត្តិកម្សត់របស់ សួ វិចិត្រ ម្ចាស់ពាន Beat The Best រដូវកាលទី១

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធិប្រកួតចម្រៀង Beat The Best  រដូវកាលទី១បានបញ្ចប់ជាផ្លូវការដោយរកឃើញម្ចាស់ពានហើយគឺលោកសួ វិចិត្រ ។ការប្រកាសបានធ្វើឡើង  កាលពីយប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេលជាច្រើនខែហើយពានបានទៅលើ តារាច្រៀងល្បីល្បាញលើបណ្តាញសង្គមyou tube ខាងលើ។ 

មុនជោគជ័យនេះលោកសួ វិចិត្រ មានប្រវត្តិកម្សត់តស៊ូមួយចំនួនដែលទស្សនិកជនអាចមិនទាន់បានដឹង។ លោកសួ វិចិត្រ កើតនៅភូមិថ្នល់ជប៉ុន ឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ក្នុងគ្រួសារក្រខ្សត់មួយ ដែលជាអ្នកលក់នំបញ្ចុក។

បច្ចុប្បន្នលោកមានវ័យ ២៧ឆ្នាំសិក្សាជំនាញវិស្វកម្មអគ្គិសនី នៅសាកលវិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់។ លោកមានបងប្អូនចំនួន ៣នាក់(ស្រី២ ប្រុស១) លោកគឺជាកូនច្បង។ ស្ថិតគ្រួសារក្រីក្រគឺ រកព្រឹកខ្វះល្ងាច ថែមទាំងឪពុកម្ដាយឧស្សាហ៍ឈ្លោះគ្នាស្ទើររាល់ថ្ងៃទៀត។ ដូច្នេះហើយ រូបគេត្រូវបានមករស់នៅជាមួយជីតា ម្នាក់ដែលមិនជាប់សាច់ឈាមសោះ យកមកនៅជាមួយតាំងពីនៅកុមារ។ ក្រោយឪពុកម្តាយចែកផ្លូវគ្នាជីវិតរបស់វិចិត្រកាន់តែកម្សត់ម្ដាយក៏បានចេញទៅធ្វើការនៅប្រទេសថៃបាត់ស្ងាត់ដំណឹងឈឹង។ ដោយឡែកឪពុក ក៏ក្លាយជាមនុស្សបាត់បង់ជំនឿចិត្ត រស់ក្នុងភាពតោកយ៉ាក មិនអាចរ៉ាប់រងចិញ្ចឹមកូនៗបានឡើយ។ ជីវិតលោក និងប្អូនៗកាន់តែតែលតោល មិនដឹងថា ត្រូវធ្វើយ៉ាងណាឡើយ ចុងក្រោយមានតែនាំគ្នាទៅរស់នៅជាមួយ តាដែលជាអ្នកដទៃទាំងស្រុងតែម្ដងដែលធ្វើឲ្យជីវិតផ្ដើមមានភាពកក់ក្ដៅបន្តិច។ ប៉ុន្តែជីវិតត្រូវជួបបញ្ហាធំជាថ្មី ក្រោយពីជីតាបានទទួលមរណភាព។ ពីនោះមក វិចិត្រ គ្មានអ្វីសោះ ផ្ទះក៏គ្មាន ដីក៏គ្មាន បានជួបភាពកណ្ដោចកណ្ដែងសារជាថ្មី ជាមួយប្អូនស្រីទាំងពីរ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ យុវជនកម្សត់ បានស្វះស្វែងរកម្ដាយ និងដឹងដំណឹងគាត់បានមកពីថៃវិញ ហើយកំពុងនៅកំពង់សោម ធ្វើជាកម្មករសំណង់ លៀងចានឲ្យគេ។ ដូច្នេះហើយ រូបគេ ក៏បាននាំយកប្អូនស្រីទាំងពីរទៅទុកនៅម្ដាយសិន ហើយខ្លួនត្រឡប់មកពោធិ៍សាត់វិញ តស៊ូនឹងជីវិតដ៏កម្សត់បន្ត។ ជួយសម្រាលបន្ទុកក្នុងក្រុមគ្រួសារលោកត្រូវធ្វើការគ្រប់បែបយ៉ាងរាប់ចាប់តាំងពីធ្វើជាសន្តិសុខយាមផ្ទះសំណាក់ និងដើរលេងភ្លេង និងការងារជាច្រើនទៀតដើម្បីរកប្រាក់ចិញ្ចឹមខ្លួន និងប្អូនៗ ខណៈពេលនោះ រូបគេកំពុងសិក្សាថ្នាក់ទី ៧ និងមានអាយុខ្ទង់ ១៥ឆ្នាំប៉ុណ្ណោះ។ យុវជនកម្សត់កម្រ បានតស៊ូធ្វើការងារកំប៉ិកកំប៉ុកជាច្រើនតាំងពីអំឡុងឆ្នាំ ២០០៧ រហូតមកដល់អំឡុងឆ្នាំ ២០១០ ទើបអាចផ្លាស់ប្ដូរមកកាន់អាជីពចម្រៀងដោយថ្ងៃមួយលោក និងក្រុមការងារអ្នកលេងភ្លេង នៅ កន្លែង មួយហើយបានជួបថៅកែភោជនីយដ្ឋានម្នាក់បានឲ្យលោកច្រៀងសាកល្បងទើបភ្ញាក់ផ្អើលនឹងទឹកដមសំនៀងរបស់លោកនិងបានហៅលោកមកច្រៀងនៅភោជននីយដ្ឋានគាត់ដល់បច្ចុប្បន្នក្នុងក្រុងពោធិ៍សាត់។ អាជីពជាអ្នកចម្រៀងប្រចាំ Sky Bar បានផ្ដល់ឲ្យ វិចិត្រ បានផ្លាស់ប្ដូរជីវភាពប្រសើរជាងបន្តិចធៀបនឹងអតីតកាល និងចាប់ផ្តើមផលិតបទចម្រៀងមួយចំនួនបង្ហោះនៅលើបណ្តាញសង្គមទើបត្រូវបានគេស្គាល់ច្រើនព្រោះតែលោកមានសំឡេងល្អ ធ្ងន់ មានកម្លាំង ផ្អែម កម្ររកបាន ។ បទចម្រៀងច្រៀងឡើងវិញ (Cover song) មានចំណងជើងថា «លក់គោយន្ត» ស្រូបបានអ្នកគាំទ្រក្នុងបណ្តាញសង្គមយូធូបច្រើនលានដងនិងមានស្នាដៃបទចម្រៀងជាច្រើនទៀតដែលត្រូវបានបង្ហាញ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង រហូតលោកបានដាក់ពាក្យចូលរួមប្រគួតដ៏គួរឲ្យភ្ញាក់ផ្អើល និងត្រូវបានអ្នកគាំទ្របានដាក់ក្តីរំពឹងច្រើនថាលោកពិតជាមានសមត្ថភាពពេញលេញក្នុងការលើកពានបាន ហើយពេលនេះបេក្ខជនដែលមកពីខេត្តពោធិ៍សាត់រូបនេះពិតជាអាចសម្រេចបានហើយពានរង្វាន់នេះត្រូវបានអ្នកគាំទ្រលើកឡើងថានឹងអាចលើកមុខមាត់កិត្តិយស និងជីវិតរបស់លោកកាន់តែល្អប្រសើរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖