ខេត្តក្រចេះ ៖ គេកំពុងដាក់ភាពសង្ស័យថា, តើមានបុគ្គលរូបណាខ្លះកំពុងតែប្រព្រឹត្តអំពើពុករលួយ ហ៊ាននៅពីក្រោយខ្នងក្រុមឈ្មួញឈើជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក និងកំពុងបន្តសកម្មភាព យ៉ាងគគ្រឹកគគ្រេងដោយរលូន ក្នុងសកម្មភាពបទល្មើសព្រៃឈើ ប៉ុន្តែការបង្ក្រាបមិនមានចំណាត់ការសោះ ?
ប្រជាពលរដ្ឋបានរាយការណ៍មកថា, ក្រុមឈ្មួញឈើបានប្រើប្រាស់ គោយន្តកន្ត្រៃរាប់រយគ្រឿង ដើម្បីប្រមូលគ្នាចូលកាប់ឈើ និងអារឈើ ដើម្បីដឹកចេញពីតំបន់ព្រៃឡង់ ចូលមកតាមផ្លូវត្រង់ក្រវ៉ាត់ ក្នុងដីក្រុមហ៊ុន ត្រង់និយាមកា 48P 0595836 UTM 1431190 ដោយជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក ពួកគេធ្វើសកម្មភាព ក្លាយទៅមុខរបរអាជីព ប្រភពសេដ្ឋកិច្ច ដល់អាជ្ញាធរ សមត្ថកិច្ច ជំនាញ ពាក់ព័ន្ធ ។
សូមបញ្ជាក់ថា, ប្រជាពលរដ្ឋក៏បានបង្ហាញផ្លូវ និងទីតាំងដែលក្រុមគោយន្តរាប់សិបគ្រឿងកំពុងធ្វើសកម្មភាពកាប់ឈើឈ្លីកដឹកចេញពីតំបន់ព្រៃឡង់ ជាកស្ដែង នៅថ្ងៃទី២៦ ខែមករា និងនៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅនេះ គេដឹងនិងផ្អើលខណៈមាន ក្រុមការងារ របស់សារព័ត៌មានជាច្រើននាក់ បានជួបប្រទះគោយន្តកន្ត្រៃដឹកឈើឈ្លីក(ឃ្លុម)ជាបន្តបន្ទាប់ រាប់សិបគ្រឿង នៅចំណុចនិយាមកា 48P 592218 UTM1430366 និងចំណុច48P 594143 UTM1429657 ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ជាសកម្មភាពភាពដឹកឈើក្នុងបទល្មើសជាក់ស្តែង ។
បើតាមអ្នកសារព័ត៌មាន បានសួរទៅកាន់អ្នកដឹកជញ្ជូន បានលើកឡើងថា, រាល់ម្ចាស់គោយន្តកន្ត្រៃដឹកឈើនោះ ត្រូវដឹកឈើ លក់ឲ្យក្រុមហ៊ុនស៊ីងបាយអូថេក តម្លៃក្នុងមួយម៉ែត្រគូប១០០ដុល្លា (ស្មើ៤០ម៉ឺនរៀល) គោយន្តកន្ត្រៃដឹកឈើថ្ងៃនេះមានជាង៣០គ្រឿង ហើយបើតាមសេចក្ដីរាយការណ៍ក្នុងនោះមានគោយន្តដឹកឈើទាំងអស់សរុបប្រមាណជាង៣៥០គ្រឿងឯណោះ ប៉ុន្តែកត្តាជាក់ស្តែងអាច អាជ្ញាធរ សមត្ថកិច្ច ជំនាញ ចុះស៊ើបអង្កេតស្រាវជ្រាវផ្ទាល់ នឹងអាចដឹងថាតើបទល្មើសនេះមានក្នុងកម្រិតណា ! ។
បើតាមសេចក្ដីរាយការណ៍ខ្លះ បញ្ជាក់ថា ក្រោយមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការចុះផ្សាយពាក់ព័ន្ធ ថាមានមនុស្សរបស់ក្រុមហ៊ុនស៊ីងបាយអូថេក បានកៀងគរប្រជាពលរដ្ឋកាន់រណាយន្ត និងគោយន្តកន្ត្រៃ បន្តលូចចូលទៅកាប់ឈើ និងអារឈើក្នុងតំបន់ព្រៃឡង់ ដឹកចូលលក់ឲ្យក្រុមហ៊ុននោះ។ បន្ទាប់មកនៅថ្ងៃទី១៩ និងទី២០ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ គេសង្កេតឃើញមានសមត្ថកិច្ចកងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចក្រសួងក្រសួងបរិស្ថាន បានចុះមកធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការបង្ក្រាប ប៉ុន្តែក្រុមជនល្មើសហាក់ដឹងខ្លួនមុន ឬមានអ្នករាយការណ៍ប្រាប់មុន រយៈពេលពីរថ្ងៃមុន ទើបពួកគេនាំគ្នាបើកគោយន្តប្រមាណជាង៣០០គ្រឿងចេញមកក្រៅអស់ ។ ទើបមានការិះគន់ថា សមត្ថកិច្ចចុះមកបានត្រឹមតែត្រួតពិនិត្យមើលដាន ឬបង្ក្រាបដានតែប៉ុណ្ណោះ ហើយសកម្មភាពបទល្មើស មានសភាពស្ងប់ស្ងាត់តែរយៈពេល ៤ ទៅ ៥ ថ្ងៃតែប៉ុណ្ណោះ ក៏ចាប់ផ្ដើមកម្រើកឡើងវិញបន្តសកម្មភាពយ៉ាងរលូន បើតាមប្រភពពីប្រជាពលរដ្ឋអះអាងថា គោយន្តកន្ត្រៃចាប់ផ្ដើមធ្វើសកម្មភាព ចូលទៅក្នុងព្រៃកាប់ឈើយ៉ាងគគ្រឹកគគ្រេងចាប់តាំងពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី៦ និងទី៧ ខែកុម្ភ: ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន គេក៏ឃើញក្រុមការងារអ្នកព័ត៌មានជាច្រើនព្យាយាម ចុះថតរូបភាពជាក់ស្ដែងធ្វើការផ្សព្វផ្សាយ ក្នុងន័យដើម្បីស្ថាបនា ឬផ្តល់ជាដំណឹង ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ខាងជំនាញចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទទួលបានព័ត៌មានពិតឈានដល់ការបង្ក្រាបដើម្បីរក្សាការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ជាតិ។
យោងតាមបណ្ដាញព័ត៌មានក្នុងស្រុក មួយចំនួនកន្លងទៅថ្មីៗនេះ ចុះផ្សាយបែកធ្លាយរឿងមេខ្លោងឧក្រិដ្ឋកម្មព្រៃឈើដ៏ធំៗលោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា មានតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមបេសកកម្មដើម្បីស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្រ្លាបបទល្មើសធនធានធម្មជាតិផង និងជាមេកញ្ច្រែង ឬជាអ្នកបោះមេ នៅពីក្រោយខ្នង ចាត់តាំងមន្រ្តីក្រោមឪវាទរបស់ខ្លួន និងរៀបចំដាក់មនុស្សរបស់ខ្លួនឈរ ទិញឈើ និងកៀងគរប្រជាពលរដ្ឋកាន់រណាយន្ត ចូលទៅក្នុងព្រៃកាប់ឈើ និងអារឈើ ដឹកលក់ធ្វើអាជីវកម្មជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក ។
គេខ្សឹបថា លោកឧត្តមសេនីយ៍ទោរូបនោះ នៅពីក្រោយមេឈើឈ្មោះនា មុំ ( ជាថៅកែដេប៉ូឈើដ៏ធំនៅម្តុំព្រែកតាម៉ាក់ និងត្រូវជាម្តាយក្មេករបស់ឈ្មោះ ឡា រហ័សនាម៩៩) បន្ទាប់ពីដាក់ឱ្យកូនចៅឈ្មោះធី និងឈ្មោះឡុង បានដាក់មនុស្សឱ្យឈរ ប្រព្រឹត្តបទល្មើសព្រៃឈើ ឈ្មោះ ហេង សុខជា ហៅ ជា សណ្តាន់ ឈ្មោះ ភាជ សុផាត និងឈ្មោះវុធ មេសន្តិសុខធំក្នុងក្រុមហ៊ុន បន្ទាប់ពីឈ្មោះ សាយ ប្រាំង ត្រូវជាកូនចៅជំនិតរបស់ មេប៉ូលីស អ៊ុំ វណ្ណា រូបនោះ។
ធាតុពិតលោក អ៊ុំវណ្ណា គឺជាសមត្ថកិច្ច ដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិរបស់ស្ថាប័ននគរបាលជាតិ ប៉ុន្តែលោកក្លាយទៅជាអ្នកទទួលផលលាភពីបទល្មើសព្រៃឈើនោះទៅវិញ។
ពាក់ព័ន្ធករណីនេះ លោក អ៊ុំ វណ្ណា បានប្រាប់អង្គភាពមជ្ឈមណ្ឌលសារព៌ត៍មាន”នគរវត្ត” យ៉ាងដូច្នេះថា, ខ្ញុំមិនបានពាក់ព័ន្ធក្នុងរឿងនេះទេ ហើយក៏ពុំសូវទៅកន្លែងនោះដែរ , យកល្អយកលុយចាយទៅ ព្រោះកន្លែងក្រុមហ៊ុននោះមានខាងកម្លាំងកងរាជអាវុធហត្ថប្រចាំការនៅទីនោះហើយ បើខ្ញុំទៅធ្វើអ្វីខុស គេប្រាកដជាចាប់ខ្ញុំដាក់គុកតែម្តង។ លោកបានបន្តទៀតថា, ខ្ញុំយូរៗទៅម្ដង ហៅពេលទៅនោះ គឺទៅសហការជាមួយកម្លាំងអាវុធហត្ថបង្រ្កាប និងធ្វើនីតិវិធីតែប៉ុណ្ណោះ។
គេទម្លាយថា, ក្រុមឈ្មួញជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក បច្ចុប្បន្ននេះ បានដូរសមាសភាពមនុស្សថ្មី ដោយឱ្យមេឈ្មួញឈើស្ត្រីឈ្មោះ ឡេង ធារ៉ា បន្តអាជីព និងសកម្មភាពកែនប្រជាពលរដ្ឋកាន់រណាយន្ត និងគោយន្តកន្ត្រៃ លួចកាប់ឈើចេញពីតំបន់ព្រៃឡង់ ធ្វើអាជីវកម្មខុសច្បាប់ នៅតែបន្តកើតមានយ៉ាងអាណាធិបតេយ្យ ។
លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ កន្លងទៅបានប្រាប់អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” តាមទូរសព្ទផងដែរថា, រឿងនេះខ្ញុំមិនទាន់ក្តោបជុំនៅឡើយទេ ចាំខ្ញុំមានវិធានការប៉ុន្តែបច្ចុប្បន្នកំពុងជាប់រវល់ប្រជុំការងារបន្តិច។
សូមជម្រាបជូនផងដែរថា, ដំណឹង មិនមែនជាភស្តុតាងនោះទេ តែជាតម្រុយឈានទៅរកភស្តុតាង.!ពាក់ព័ន្ធព័ត៌មាននេះ អាចអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត ខណ:ប្រជាពលរដ្ឋអះអាងថាកម្លាំងសមត្ថកិច្ចចម្រុះថ្នាក់ជាតិ និងកម្លាំងកងរាជអាវុធហត្ថខេត្តសហការគ្នា បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ជាក់ស្ដែងជាបន្តបន្ទាប់ និងបានដាក់ឈ្មោះ ហេង សុខជា (ហៅ ជា សណ្ដាន់)ក្នុងបញ្ជីរខ្មៅតែរហូតមកដល់ពេលនេះ តែគេមិនទាន់ឃើញមានចំណាត់ការណាមួយទៅលើបុគ្គលខាងលើឡើយ ។
គេកត់សម្គាល់ថា ក្នុងរយៈពេល២ ឆ្នាំពេញ រហូតមកដល់គិតត្រឹមថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២នេះ ក្រុមឈ្មួញជ្រកក្រោមស្លាកក្រុមហ៊ុនស៊ីងបាយអូថេក នៅតែអាចបន្តសកម្មភាពបានយ៉ាងគគ្រឹកគគ្រេង និងរលូនបំផុត ហើយរូបភាពជាក់ស្ដែងត្រូវបានអ្នកសារព័ត៌មាន ថតរូបធ្វើការចុះផ្សាយជាបន្តបន្ទាប់ ។
ប្រសិនបើសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតរកឃើញថា, ក្រុមហ៊ុនស៊ីងបាយអូថេក ជាមេខ្លោងក្នុងការប្រមូលទិញឈើដែលបានកាប់ចេញពីតំបន់ព្រៃឡង់ ត្រូវតែមានវិធានការតាមផ្លូវច្បាប់ក្នុងការទប់ស្កាត់ ឬបង្ក្រាបក្នុងបទល្មើសជាក់ស្ដែងណាមួយ។ ពេលនោះគ្មានអ្នកប្រមូលទេ ហៅក៏គ្មានប្រជាពលរដ្ឋចូលកាប់ឈើនៅក្នុងតំបន់ព្រៃឡង់លក់ផងដែរ ខណៈកាប់ដឹកជញ្ជូន តែគ្មានអ្នកប្រមូលទិញនោះ។
ពាក់ព័ន្ធករណីនេះ អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីក្រុមហ៊ុន ស៊ីងបាយអូថេក ខណៈគ្មានលេខទូរស័ព្ទនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ។ ប៉ុន្តែអង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” នឹងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕
ដោយ ៖ សិលា