ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម ឃួង ស្រេង ផ្ញើរសារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលបពិត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! នាឱកាសដ៏មហានក្ខត្តឫក្សអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជានុរាស្ត្រក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទ ថ្វាយព្រះសព្ទសាធុការពរជ័យចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ជាការពិតណាស់ ក្នុងព្រះរាជតួនាទីជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្តី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែយកព្រះទ័យទុកដាក់អស់ពីព្រះកាយពល និងព្រះបញ្ញាញាណ បំពេញរាល់កិច្ចការសង្គម និងការងារមនុស្សធម៌ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងការការពារសិទ្ធិស្ត្រី តាមរយៈការលើកកម្ពស់ការ ធ្វើសេចក្ដីសម្រេចចិត្តរបស់ស្ត្រីគ្រប់កាលៈទេសៈក្នុងវិស័យសេដ្ឋកិច្ច និងការចូលរួមរបស់ស្ត្រីដោយស្មើសិទ្ធិស្មើភាពក្នុងសង្គម។ បន្ថែម លើនេះ ក្នុងអំឡុងពេលនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានរួម ចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈ តាមរយៈការប្រោសព្រះរាជទានព្រះរាជអំណោយជាបន្តបន្ទាប់ ដ៏ថ្លៃថ្លាបំផុត សម្រាប់យកទៅចែកជូនប្រជារាស្ត្ររបស់ព្រះអង្គ។

ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត លើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រ និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមបាន សមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្ដីភាពដ៏ ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖