កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារទីក្រុងជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន ទាំងពីលើដែនអាកាស ដែនគោក និងដែនទឹកនៅថ្ងៃទី៧ ខែមីនា។ ជាមួយគ្នានេះដែរកម្លាំងទាហានរុស្ស៊ីបានប្រមូលផ្តុំកម្លាំងវាយប្រហារទៅលើរដ្ឋធានី កៀវ។
អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ីលោក Igor Konashenkov នៅថ្ងៃទី៧ខែមីនាបានប្រកាសថា បណ្តាយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី និងប្រព័ន្ធមីស៊ីលបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារ ក្នុងនោះមីស៊ីលការពារដែនអាកាសបានបាញ់កម្ទេចយន្តហោះចម្បាំង អ៊ុយក្រែន៣គ្រឿងប្រភេទ Su-27 និងយន្តហោះគ្មានមនុស្សបើក៣គ្រឿងផងដែរ។ ចំណែកកាលពីថ្ងៃទី៥-៦ ខែមីនា រុស្ស៊ីក៏បានបាញ់កម្ទេចយន្តហោះចម្បាំងអ៊ុយក្រែន១១គ្រឿង ក្នុងនោះមានឧទ្ធម្ភាគចក្រ២គ្រឿង ។
ក្នុងពេលនេះដែរ សំឡេងប្រកាសអាសន្នពីការវាយប្រហារបានបន្លឺឡើងនៅគ្រប់ទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះក៏មានរដ្ឋធានី កៀវ ផងដែរ ។ការវាយប្រហារតាមដែនអាកាសនៅតែជាទ្រង់ទ្រាយធំទៅលើគោលដៅនានារបស់អ៊ុយក្រែន។
ក្នុងពេលនេះដែរអគ្គមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រកាសថា «សត្រូវបន្តវាយប្រហារទៅលើទីតាំងជាច្រើនស្ថិតនៅក្នុងទីក្រុង Kyiv, Kharkiv, Chernihiv, Sumy និង Mykolayiv” ។ នៅតំបន់ភាគខាងត្បូង រុស្ស៊ីក៏បានបើកការវាយប្រហារទៅលើទីតាំងក្នុងតំបន់ Odessa ផងដែរ ៕
ដោយ៖ ធីរីណា(រូបថត៖AP)