ខេត្តស្វាយរៀង ៖ រដ្ឋបាលស្រុករមាសហែកបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១១ ទិវានារីអន្តរជាតិ៨មីនាក្រោមប្រធានបទ”សមភាពយេនឌ័រ ថ្ងៃនេះដើម្បីចីរភាពពេលអនាគត” ក្រោមអធិបតីលោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នាថ្ងៃទី៧ខែមីនាឆ្នាំ២០២២នៅទីចាក់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុក លោក អ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុកលោក លោកស្រីអភិបាលរងស្រុកអនុប្រធានមន្ទីរកិច្ចការនារីខេត្តលោកស្រីសមាជិការក្រុមប្រឹក្សាស្រុក លោកនាយក នាយករង រដ្ឋបាលស្រុក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការសាលាស្រុក លោកស្រីសមាជិកាក្រុមប្រឹក្សាឃុំ ពេញសិទ្ធិ និងបម្រុងគ្រប់ទាំងឃុំ១៦ សរុបចូលរួម១១១នាក់។
លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងបានមានប្រសាសន៏ថាឆ្នាំនេះក៏ដូចពីឆ្នាំមុនៗដែរ ក្នុងឱកាសអបអរសាទរទិវានារីអន្ដរជាតិខួបលើកទី១១១ នេះពិភពលោកបានជ្រើសរើសយកប្រធានបទមួយគឺ * សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត *នៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីនេះឡើងក្នុងគោលបំណង រំលឹកពីការតស៊ូរបស់ស្រ្ដីក្នុងការធ្វើឲ្យសម្រេចបាននូវ សមធម៌ សន្ដិភាព និង ការអភិវឌ្ឍន៍ នៅក្នុងសង្គម ដើម្បីឲ្យស្រ្ដីទួទលបាននូវការគោរព សិទ្ធិ សេរីភាព និងការទទួលស្គាល់នូវតម្លៃនៃការចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍន៍ គ្រួសារ និងប្រទេសជាតិ ។
លោកស្រីបន្តថា តាមរយៈការអានប្រវត្តិនៃការតស៊ូរបស់នារីលោកស្រីឱសថការី ឈឿន សុវ៉ារី យើងទាំងអស់គ្នាបានដឹងច្បាស់ថា ប្រវត្តិនៃការតស៊ូនេះមានជាយូរណាស់មកហើយ ដែលបញ្ជាក់ថា នារីក៏អាចធ្វើអ្វីៗដូច ជាបុរសដែរ ។
អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា លើការអភិវឌ្ឍន៍សមត្ថភាព ស្រ្ដី យុវតី គឺជាការ បន្ដបង្កើនសក្ដានុពល ក្នុងកម្លាំងចលករ ដ៏សំខាន់សម្រាប់ការពន្លឿនកិច្ចអភិវឌ្ឍន៍ប្រទេស ។
ដោយឆ្នាំនេះគណៈកម្មការរៀបចំបានលើកយកប្រធានបទមួយ ស្របតាម បរិបទ ប្រទេសកម្ពុជាបច្ចុប្បន្នគឺជាការផ្សារភ្ជាប់ទៅនឹងប្រធានបទពិភពលោកដែលបានចាត់ទុក យុវតី អនាគតស្រ្ដី និងជាអ្នកម្ដាយ សម្រាប់អនាគត ដ៏រុងរឿងរបស់មនុស្សគ្រប់ៗរូប ។
ពិតមែនស្ដ្រីជាធនធាន ជាបង្អែកក៏ដោយក៏ ស្ថានភាពស្ដ្រីនៅទូទាំងខេត្តជួបនឹងបញ្ហាប្រឈមនៅឡើយ ដោយការសិក្សាមានកម្រិតទាប កត្តានេះបានបង្ករឧបសគ្គដល់ស្រ្ដីក្នុងការទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការងារសមរម្យ និងប្រាក់កម្រៃខ្ពស់ ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះ រាជ រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងដោះស្រាយការងារ ជាបណ្ដើរៗ តាមរយៈការរៀបចំយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ស្ដីពី កំណើនការងារ,សមភាព និងប្រសិទ្ធភាព ។
បច្ចុប្បន្ននេះ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុបង្រួបបង្រួមជាតិ ការពារសន្តិសុខជាតិ មិនអាចខ្វះបាន និងបានប្រែក្លាយពីស្ត្រី ដែលមានមុខរបរប្រពៃណី មកជាស្ត្រីដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ តាមរយៈការបណ្តុះបណ្តាលជំនាញ និងបានចូលរួមក្នុងការបំពេញបេសកកម្មដោះមីននៅបរទេស ដោយជ្រកក្រោមស្លាករបស់អង្គការសហប្រជាជាតិ ក្នុងនាមជាកងទ័ពស្ម័គ្រចិត្ត ។
បន្ទាប់មកលោកស្រីក៏បានឧបត្ថម្ភអ្នកចូលរួមក្នុងម្នាក់ទទួលបាន÷ ស៊ឹងចំនួន១,សាប៊ូ២ដុំថវិកា១ម៉ឺនរៀល
សរុបចំណាយថវិកាអស់៦,៦៧១,២០០ រៀល ៕
ដោយ៖យឹម សុថាន