ភ្នំពេញ ៖ នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហោះលើផេកលោកថា, ខ្ញុំបានជួបពិភាក្សាការងារជាមួយលោក យូហ៊ី សាសាកាវ៉ា ប្រធានមូលនិធិនីបផុន ប្រកបដោយភាពស្ថាបនា លើបញ្ហាមួយចំនួន ប៉ុន្តែផ្តោតសំខាន់លើប្រទេសមីយ៉ាន់ម៉ា ដោយសារគាត់គឺជាប្រេសិតពិសេសរបស់ប្រទេសជប៉ុនសម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា, យើងទាំងពីរសង្កេតឃើញថាការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចហាក់បីដូចជាយឺតជាងការរំពឹងទុក។ លោកបន្តថា, យ៉ាងណាក្តី យើងជឿជាក់ថាដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលឆាប់ៗខាងមុខនេះនឹងជួយបង្កើតបរិយាកាសអំណោយផលបន្ថែមទៀតដើម្បីឱ្យមានការសន្ទនាដោយសន្តិវិធីរវាងភាគីទាំងអស់ ក្នុងស្មារតីស្វែងរកសន្តិភាព និងប្រក្រតីភាពសម្រាប់ប្រទេសមីយ៉ាន់ម៉ា។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ទៀតថា, ខ្ញុំក៏មានទំនុកចិត្តថាបទពិសោធន៍ និងជំនាញរបស់ លោក សាសាកាវ៉ា ពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា នឹងអាចចូលរួមចំណែកយ៉ាងច្រើនដល់បុព្វហេតុរួមមួយនេះ៕
ដោយ ៖ សុខ ខេមរា