ខេត្តកណ្ដាល ៖ បុរសម្នាក់កំពុងជិះកង់ក្នុងសភាពយប់ងងឹតត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកក្នុងល្បឿនលឿនមកបុកពេញមួយទំហឹង បណ្ដាលឱ្យបុរសរងគ្រោះរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ អាយុប្រហែល៤០ឆ្នាំ ស្លៀកខោកាគី ពណ៌ដី ជើងខ្លី ពាក់អាវខៀវដៃវែង និងពាក់មួកកាតិប ពណ៌ប្រផេះ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ។ ចំណែកភាគីខាងរថយន្តមិនស្គាល់ម៉ាកបានបើកគេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុគេបានឃើញជនរងគ្រោះខាងលើជិះកង់តែម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសភាពយប់ងងឹត និងគ្មានភ្លើងបំភ្លឺផ្លូវជាសញ្ញានោះទេ។ លុះជិះកង់មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកក្នុងល្បឿនលឿនបានមកបុកជនរងគ្រោះពេញមួយទំហឹងបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់។ ក្រោយពីមានហេតុការណ៍កើតឡើងភ្លាមៗ សមត្ថកិច្ចជំនាញស្រុកបានចុះពិនិត្យកន្លែងកើតហេតុនិងហៅរថយន្តសាមុយមកដឹកជនរងគ្រោះយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ខណៈដល់មន្ទីរពេទ្យ។ ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្ដង។
ចំពោះកង់របស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលត្រពាំងវែង។ ចំណែកសពកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានករណីនេះបណ្ដាលមកពីអ្នកជិះកង់ពេលយប់មិនមានប្រើប្រាស់ភ្លើងពិល ខ្វះការប្រុងប្រយ័ត្ន។ ចំណែករថយន្តបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ស្អាងជ័យ