ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ត​ព្រះសីហនុ​ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានារី សរុប ៣៤២នាក់ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក សូ ជុងហួរ ប្រធានក្រុម ប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ​ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការជានារី ចំណុះទីចាត់ការ-អង្គភាពសាលាខេត្ត មន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី  មណ្ឌលកុមារកំព្រារខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តសរុប ៣៤២នាក់ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។ 

នាឱកាសនោះ​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃនៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូរពាក់ព័ន្ធ​បន្តអនុវត្តវិធានការ គោលនយោបាយ កម្មវិធី និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងការចូលរួមស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកប ដោយចីរភាព ក្រោមម្លប់សន្តិភាព និងការលើកកម្ពស់វប្បធម៌ អហិង្សា ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីវឌ្ឍន ភាពសង្គមឆ្ពោះទៅការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាល ភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។​ ស្រ្តី​ជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការងារបញ្ច្រាបយេនឌ័រជាកិច្ចការអន្តរវិស័យក្នុងការធានាចីរភាព នៃសន្តិភាព និងអភិវឌ្ឍដូចមានកំណត់នៅក្នុងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ 

លោកអភិបាលខេត្ត​ បានលើកឡើងថា បើគ្មានសន្តិភាព យើងមិនអាចធ្វើការជួបជុំគ្នា និងមិនមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះដែរ។ ហើយសិទ្ធិ និងតម្លៃ នៃសន្តិភាពធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនោះយើងត្រូវតែបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្ស។ 

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ស្ត្រីក្នុងខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូចជាការបិទខ្ទប់ ការចុះចែកស្បៀងសម្តេចតេជោ ក្នុងតំបន់បិទខ្ទប់ ការជួយសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដជាដើម។ ក្នុងបរិបទ នៃជំងឺកូវីដ ខេត្តព្រះសីហនុ បានបំពាក់នូវម៉ាស៊ីនផលិតអ៊ុកស៊ីសែន ការសាងសង់មន្ទីរពិសោធន៍វិភាគរកមេរោគកូវីដ-១៩ និងអគារតេជោព្យាបាលជំងឺកូវីដ-១៩ ដោយសមិទ្ធផលទាំងអស់នេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់លោកជំទាវ លោកស្រីរបស់យើងបានឡើយ។ 

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ត្រីក្នុងខេត្តព្រះ សីហនុ ដែលបានចូលរួមគ្រប់សកម្មភាពធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងខេត្ត។ បន្ថែមពីនេះ​ លោកអភិបាលខេត្ត ក៏បានជម្រុញដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់ និងបងប្អូនប្រជាពលរដ្ឋ ឱ្យបន្ថែមទម្លាប់នៅពេលជួបគ្នា​ សូមចាប់ផ្ដេីមដោយសំណួរថា​ “តេីចាក់វ៉ាក់សាំងបានប៉ុន្មានដូសហេីយ?” រួចចាំបន្តសួរ តេីសុខទុក្ខយ៉ាងណា?​ ដើម្បីលើកទឹកចិត្តអ្នកចាក់វ៉ាក់សាំង។ 

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ​ ៣កុំ​ ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារ និងសង្គម។  ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូននារីទាំង៣៤២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល៕

ដោយ​៖សហការី​


ចែករំលែក៖