ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបញ្ចកោណអាមេរិក ៖ រុស្ស៊ីកំពុងតែជ្រើសរើសទាហានស៊ីរីមកចូលរួមក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន

ចែករំលែក៖

.   អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានប្រកាសថា អាមេរិកជឿជាក់ថា រុស្ស៊ីកំពុងតែជ្រើសរើសកម្លាំងទាហានស៊ីរីដើម្បីមកចូលរួមនៅក្នុងសង្គ្រាមវាយប្រហារប្រទេសអ៊ុយក្រែន។
តាមការប្រកាសរបស់មន្ទីរបញ្ចកោណអាមេរិកនៅថ្ងៃទី ៧ខែមីនា រុស្ស៊ីកំពុងតែជ្រើសរើសពលរដ្ឋស៊ីរីមកចូលរួមក្នុងសង្គ្រាម។ តាមមន្ត្រីអាមេរិក នៅពេលនេះមានទាហានស៊ីរីជាច្រើនស្ថិតនៅក្នុងប្រទេសរុស្ស៊ីត្រៀមចូលរួមនៅក្នុងសមរភូមិប្រទេសអ៊ុយក្រែន ។
ចំណែកនៅប្រទេសអ៊ុយក្រែនវិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទើបតែបានចេញបញ្ជាកោះហៅកងកម្លាំង រក្សាសន្តិភាពនៃប្រទេសលោកឱ្យត្រឡប់ពីអង្គការសហប្រជាជាតិ (UN) វិញ ដើម្បីមកជួយការពារប្រទេសប្រឆាំងនឹងការវាយលុក របស់រុស្ស៉ី។
លោក Andriy Sybiha អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះរូបថតនៃលិខិតបទបញ្ជាខាងលើ តាមរយៈបណ្តាញសង្គម Facebook កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ លោក Sybiha បានលើកឡើងដូច្នេះថា «លោកប្រធានាធិបតី Zelensky បានធ្វើការសម្រេចចិត្តកោះហៅ កងកម្លាំងរក្សាសន្តិភាពអ៊ុយក្រែន ឱ្យត្រឡប់មកពីបេសកកម្ម UN នៅជុំវិញពិភពលោក រួមជាមួយសម្ភារផ្សេងៗផងដែរ ដើម្បីជួយពង្រឹងកម្លាំងរបស់យើងនៅក្នុងប្រទេសផ្ទាល់ ដែលកំពុងតទល់ជាមួយ
រុស្ស៉ី»។
គួរបញ្ជាក់ថា ខណៈដែលមិនច្បាស់ឡើយថា អ៊ុយក្រែនមានកងកម្លាំងរក្សាសន្តិភាពចំនួនប៉ុន្មាន ដែលចូលរួមក្នុងបេសកកម្មរបស់ UN ពេលសង្រ្គាមផ្ទុះឡើង តួលេខត្រូវគេជឿថា គឺមិនច្រើនឡើយ។ កាលពីខែកក្កដា ឆ្នាំ២០២១ យោធាអ៊ុយក្រែនធ្លាប់បានរាយការណ៍ឱ្យដឹងថា កងកម្លាំងរក្សាសន្តិសុខអ៊ុយក្រែនចំនួន៣៣១នាក់កំពុងចូលរួមក្នុងបេសកកម្ម UN ចំនួន៨ផ្សេងៗគ្នានៅជុំវិញពិភពលោក៕ ដោយ៖ ធីរីណា

រូបថត៖AP


ចែករំលែក៖