ចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២២ តទៅ ប្រទេសម៉ាឡេស៊ីនឹងចាត់ទុក កូវីដ-១៩ជាជំងឺធម្មតា ដូចជាជំងឺផ្តាសាយដែរ។ ការសម្រេចខាងលើគឺក្រោយពេលម៉ាឡេស៊ីមានពលរដ្ឋពេញវ័យដល់ទៅ៩៨,៧% បានចាក់វ៉ាក់សាំងរួចរាល់ ក្នុងនោះមាន៦៤% បានចាក់ដូសជំរុញ។
ក្នុងពេលនេះដែរ ករណីឆ្លងកូវីដ-១៩ ដែលអាចឈឺធ្ងន់នៅក្នុងប្រទេសម៉ាឡេស៊ីស្ថិតក្នុងកម្រិតទាបបំផុត ។ ក្រុមអ្នកជំនាញសុខាភិបាលបានប្រកាសថា នេះជាជំហានចំបាច់បំផុតដើម្បីដំណើរការសេដ្ឋកិច្ចទាំងស្រុងឡើងវិញក្រោយរងផលប៉ះពាល់៣ឆ្នាំកន្លងមក ដោយសារតែផលប៉ះពាល់នៃការឆ្លងរាលដាលកូវីដ-១៩ ។
ចំពោះអ្នកទេសចរចូលក្នុងប្រទេសម៉ាឡេស៊ីនឹងលែងឱ្យធ្វើចត្តាឡីស័កហើយឱ្យតែបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។ ជាមួយគ្នានេះដែរច្បាប់ហាមឃាត់នានានៅក្នុងប្រទេសត្រូវបានលុបចោល ។ ប៉ុន្តែការពាក់ម៉ាស់នៅតែអនុវត្តដដែលក្នុងពេលចេញទៅក្រៅ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា នេះជាពេលវេលាសមស្របបំផុតសម្រាប់ការផ្លាស់ប្តូរថ្មី ដែលជាផ្នែកមួយនៃគម្រោងបើកទ្វារទាំងស្រុងឡើងវិញ ប្រកបដោយសុវត្ថិភាព។ ក្រុមអ្នកឯកទេសសុខាភិបាលក៏បានយល់ស្របជាមួយការសម្រេចរបស់រដ្ឋាភិបាលម៉ាឡេស៊ី៕ ដោយ៖ ធីរីណា
រូបថត៖TTXVN