ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ្សាហីរូតឌីន បាបារ ថាហ៊ីម ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា ជួបដើម្បីសម្តែងការគួរសមជាមួយ លោក ប្រាក់ សុខុន នៅព្រឹកមិញ

ចែករំលែក៖

ភ្នំពេញ ៖  លោក ហ្សាហីរូតឌីន បាបារ ថាហ៊ីម ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគួរសម ជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ នេះបើយោងតាមលោក ប្រាក់ សុខុន បានលើកឡើងនៅលើ facebook ហើយបង្ហោះមុននេះបន្តិច។ 

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសរសេរថា, លោក ហ្សាហីរូតឌីន បាបារ ថាហ៊ីម ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា បានមកជួបខ្ញុំដើម្បីសម្តែងការគួរសមនៅព្រឹកមិញ។ ខ្ញុំក៏បានអបអរសាទរឯកឧត្តមចំពោះការតែងតាំងថ្មីនេះ។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា, កម្ពុជា និងប៉ាគីស្ថានទន្ទឹងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត នៅខែឧសភា ក្នុងឆ្នាំនេះ ជាមួយនឹងសកម្មភាព និងកម្មវិធីរួមគ្នាមួយចំនួន។ លើសពីនេះ កម្ពុជាសង្ឃឹមថា ឯកឧត្តម ម៉ាកឌូម ស្យា ម៉ាមូត ឃូរិស្យី  រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន នឹងអាចអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាបាន ក្នុងស្មារតីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់យើងឱ្យកាន់តែប្រសើរឡើង។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន បញ្ជាក់ថា, យើងទាំងពីរយល់ថា ប៉ាគីស្ថានអាចដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសតាមរយៈការចូលរួមកាន់តែជិតស្និទ្ធជាមួយអាស៊ាន ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖