ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ គម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញផ្តល់ប្រយោជន៍ដល់សហគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កើតសហគមន៍សុវណ្ណាបៃតងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife alliance) គិតគូរអំពីជីវភាពរបស់ពលរដ្ឋ និងជាវិធានការមួយដ៏មានប្រសិទ្ធភាពក្នុងការពង្រឹង ការពារ និងអភិរក្សធនធានធម្មជាតិ ខណៈក្រសួងក៏កំពុងពង្រឹងតួនាទីរបស់ ប្រជាពលរដ្ឋនៅតាមតំបន់ការពារ និងអភិរក្សធនធានធម្មជាតិជាតិផ្សេងទៀតផងដែរ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងព្រឹកថ្ងៃសុក្រទី​១១​ ខែមីនា​ ឆ្នាំ​២០២២។ 

លោក ជួប ប៉ារីស បានបន្ថែមថា៖ គម្រោងរេដបូកជួរភ្នំក្រវាញ ដែលដឹកនាំដោយក្រសួងបរិស្ថាន និងមានការសហការពីអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ រួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការងារការពារនិងអភិរក្សធនធានធម្មជាតិ តាមរយៈជួយថែរក្សាព្រៃឈើ និងយកថវិកាជួយសហគមន៍ ដើម្បីឱ្យចូលរួមជួយថែរក្សាព្រៃឈើ ។​សូមជម្រាបថា​៖«គម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញផ្តល់ប្រយោជន៍ ដល់សហគមន៍សុវណ្ណបៃតង» ជាប្រធានបទនៃសន្និសីទសារព័ត៌មាន រៀបចំឡើងនៅរសៀលថ្ងៃទី០៩ ខែមីនាថ្មីៗនេះ​ នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះដែរ កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife alliance) បានឱ្យដឹងថា ប្រជាពលរដ្ឋមករស់នៅក្នុងសហគមន៍ភូមិសុវណ្ណបៃតង ឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង ក្រោមគម្រោងអភិវឌ្ឍន៍កសិកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទទួលបានដីសម្បទានសង្គមកិច្ចគឺក្នុង ១ គ្រួសារបានដីទទឹង ២៥ ម៉ែត្រ និងបណ្ដោយ ៦០០ ម៉ែត្រ ដើម្បីធ្វើដីភូមិ ដីចម្ការ និងដីសម្រាប់ដំណាំហូបផ្លែផ្សេងៗដើម្បីផ្លាស់ប្តូរមុខរបរផ្សេងពីធ្លាប់ចូលព្រៃប្រមូលអនុផលព្រៃឈើ កាប់ឈើ និងបរបាញ់សត្វព្រៃ។

ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃរូបនេះ​ បន្តថា៖ «នេះគឺជាការអនុវត្តគម្រោងដែលជំរុញឱ្យមានការផ្លាស់ប្ដូរជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ហើយដើម្បីឱ្យពួកគាត់មានភាពនឹងនរ ដោយសារទី១ មានដីកម្មសិទ្ធិ ទី២ មានមុខរបរ ទី៣ មានចំណូល និងទី៤ មានសុវត្ថិភាពសម្រាប់ការរស់នៅរបស់ពួកគាត់។ ប្រធានអង្គការ បានបន្តទៀតថា ការមករស់នៅក្នុងសហគមន៍គឺមានភាពងាយស្រួលជាងមុន ដោយសារតែមានសាលារៀន មន្ទីរពេទ្យ និងផ្សារនៅជិតផ្ទះដែលកូនៗអាចមានឱកាសបានរៀនចប់វិទ្យាល័យ ហើយខ្លះរហូតអាចបន្តការសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញថែមទៀត។

លោក អាត ណុច ប្រធានសហគមន៍សុវណ្ណាបៃតង ឲ្យដឹងថា ចាប់ផ្ដើមនៅឆ្នាំ ២០០៤ សហគមន៍ ឥឡូវនេះមានគ្រួសារប្រមាណ ២៥០ គ្រួសារ ដែលកំពុងរស់នៅនិងទទួលអត្ថប្រយោជន៍ពីគម្រោងរ៉េដបូកតំបន់ជួរភ្នំក្រវាញនិងគម្រោងសុវណ្ណាបៃតង។ ក្នុងឆ្នាំ២០១៣ សហគមន៍ត្រូវបានបង្កើតឡើងដំណាំផ្លែឈើហូបផ្លែជាច្រើនប្រភេទត្រូវបានដាំរួមមាន ៖ ធុរេន សៅម៉ាវនិងមានជាដើម។ បច្ចុប្បន្នមានដើមឈើ ហូបផ្លែជាង៣ ពាន់ដើមនៅសហគមន៍សុវណ្ណាបៃតងដែលជាចម្ការសហគមន៍គ្រប់ផ្ទៃដី ២០ហិកតា។ 

ក្រៅពីដើមឈើហូបផ្លែដំណាំផ្សេងទៀតត្រូវដាំរួមមានសណ្ដែកគួរឪឡឹកនិងម្ទេសជាដើម។ ពលរដ្ឋក្នុងសហគមន៍សប្បាយរីករាយយ៉ាងខ្លាំងដោយសារពួកគាត់ទទួលបានដីកាន់កាប់អចិន្រៃ្តយ៍ និងស្របច្បាប់ ហើយទទួលបានការបណ្ដុះបណ្ដាលអំពីបច្ចេកទេសធ្វើកសិកម្ម ដើម្បីដាំដំណាំជាយុទ្ធសាស្ដ្រនៅក្នុងដីឡូត៍នីមួយៗរហូតទទួលបានជោគជ័យ៕

ដោយ​៖សហការី​


ចែករំលែក៖