ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រកាន់ស្ដាំបុករថយន្តបញ្ច្រាសគ្នាស្លាប់ទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ដោយជិះម៉ូតូមិនប្រកាន់ស្តាំបុកជាមួយរថយន្តម៉ាកឡិចស៊ីសយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ខែមីនាឆ្នាំ២០២២ លើផ្លូវលេខ៣១៤D ស្ថិតក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះឃុន វន្នី អាយុ ៤៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអង្គតាមោក ឃុំប្រសូត្រ ស្រុកស្វាយទាបខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១A៥៩០៣ខូចខាតខ្ទេចខ្ទីទាំងស្រុង។

ចំណែកអ្នកបើក រថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយពីកើតហេតុបានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោលតែម្ដងបន្សល់តែរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស  ពាក់ស្លាកកលេខ ភ្នំពេញ ២AW០០៣៦។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១A៥៩០៣លើផ្លូវលេខ៣១៤D ក្នុងទិសដៅពីជើងទៅត្បូង មិនប្រកាន់ស្តាំក៏បុកជាមួយនិងរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស  ពាក់ស្លាកកលេខ ភ្នំពេញ ២AW.០០៣៦ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

មធ្យោយបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំប្រសូត្រនិងបានប្រគល់សពឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖