ភ្នំពេញ ៖ ថ្ងៃទី១១ ខែមីនា២០២២ នេះ គេបានលើកពី លោកវរសេនីយ៍ត្រី រស់ ឆាយហឿង នាយផ្នែកអធិការកិច្ច នៃនាយកដ្ឋានវិទ្យុទាក់ទង អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្តែងក្តីសប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដែលបានប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន ៥.០០០ដុល្លារ ( សហរដ្ឋអាមេរិក ) ដើម្បីទិញដីទំហំ ៩០ ម៉ែត្រ × ២០ ម៉ែត្រ ដើម្បីធ្វើផ្ទះស្នាក់នៅ ។ ការថ្លែងអំណរគុណនេះ លោកវរសេនីយ៍ត្រី រស់ ឆាយហឿង បានធ្វើឡើងនៅក្នុងអង្គមិទ្ទិញអបអរសាទរខួបលើកទី ១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ«សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នៅនាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងឱកាសនៃពិធីនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានថ្លែងថា មូលហេតុដែលលោកសម្រេចប្រគល់ថវិកាចំនួន ៥.០០០ដុល្លារនេះ ដោយសារលោកមើលឃើញសកម្មភាព លោកវរសេនីយ៍ត្រី រស់ ឆាយហឿង តស៊ូនឹងការងារទោះបីការងារនោះនៅលើអាកាសាឡើងតបណ្តាញវិទ្យុទាក់ទងនៅលើអង់តែនកម្ពស់ខ្ពស់ផុតពីដីរាប់សិបម៉ែត្រយ៉ាងណាក៏ដោយ គាត់បានយកជីវិតប្តូរនឹងការងារ។ ម្យ៉ាងទៀតគាត់ជាមន្ត្រីនគរបាលម្នាក់ដែលមានជីវភាពខ្វះខាតមិនមានដីសម្រាប់ធ្វើផ្ទះឲ្យក្រុមគ្រួសារស្នាក់នៅ ។
ទន្ទឹមនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះបងប្អូននគរបាលនារី នៅក្នុងនាយកដ្ឋានវិទ្យុទាក់ទង ក្នុងឱកាសមិទ្ទិញអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនានេះ ។
ជាងនេះទៀត លោកឧត្តមសេនីយ៍ទោ ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូននគរបាលនារី ទោះបីជាពួកគាត់មិនមានជំនាញបច្ចេកទេសផ្នែកវិទ្យុទាក់ទង ឬផ្នែកកាមេរ៉ាមែន ប៉ុន្តែចំពោះកិច្ចការងាររដ្ឋបាល គឺគាត់ធ្វើបានល្អប្រសើរ ។
លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន គូសបញ្ជាក់ថា “មិនមែនទាល់តែចេះកាន់កាំភ្លើង ទើបហៅថា នគរបាល ឬ យោធានោះទេ ព្រោះចំណុះឱ្យកងកម្លាំងប្រដាប់អាវុធមានផ្នែកផ្សេងៗគ្នា អ្នកខ្លះចេះបញ្ជាដឹកនាំ, ខ្លះចេះចរចា, ខ្លះចេះផ្ញើសារតួលេខ និងខ្លះទៀតចេះប្រើកាំភ្លើងបាញ់ ហើយអាកប្បករិយារបស់កងកម្លាំងប្រដប់អាវុធ គឺទន់ភ្លន់ តែម៉ឺងម៉ាត់” ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏បាននាំយកថវិការបស់អគ្គស្នងការនគរបាលជាតិ ផ្តល់ជូននគរបាលនារីម្នាក់ៗ ៥០.០០០រៀល និងជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ក៏បានផ្តល់ថវិកាផ្ទាល់ខ្លួនជូនដល់នគរបាលនារីម្នាក់ៗចំនួន ៥០.០០០រៀលទៀត សរុបទាំងអស់នគរបាលនារីម្នាក់ៗទទួលបាន ១០ ម៉ឺនរឿល ៕
ដោយ ៖ សហការី