ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​​ ជួន​ ណារិន្ទ​៖​ កម្លាំងជំនាញ​បន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើស នៅតាមទីតាំងសំខាន់ៗក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅលេីផេកហ្វេសប៊ុកផ្លូវការរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យ៉ាង​ដូច្នេះ​ថា៖​ ដើម្បី​ការពារ​សុខ​សុវត្ថិ​ភាពជូនប្រជាពលរដ្ឋរស់នៅទូទាំងខេត្តព្រះសីហនុ​ ក៏ជាភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិ​ លោកចាត់ឱ្យកម្លាំងជំនាញចម្រុះបន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើស នៅតាមទីតាំងសំខាន់ៗ​ជារៀង​រាល់​ថ្ងៃ​។ 

ជាក់ស្ដែង​នៅយប់ថ្ងៃព្រហស្បតិ៍ទី១០ ខែមីនា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើស នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​។

ដោយឡែក​នៅព្រឹកថ្ងៃសុក្រទី១១ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ឈរជើងនៅតាមគោលដៅសំខាន់ៗ និងបានចុះសម្រួលចរាចរណ៍ជូន សិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖