ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាពីរនាក់បងប្អូនត្រូវរថយន្តបើកឆ្លងផ្លូវបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ពីរនាក់បងប្អូនថ្លៃកំពុងជិះម៉ូតូឌុបគ្នាសុខៗត្រូវរថយន្តបើកឆ្លងផ្លូវបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់។ 

   ហេតុការណ៍នេះ​បានកេីតឡេីងកាលពី​វេលា​ម៉ោង៧និង១០នាទីព្រឹក​ថ្ងៃទី​១២ខែ​មីនា​ឆ្នាំ​២០២២នៅចំណុចខាងត្បូងរង្វង់មូលនាងមច្ឆាប្រមាណ១០០ម៉ែត្រ​តាមបណ្តោយមហាវិថីអូសុីអាយសុីកែងផ្លូវបេតុង ក្នុងភូមិដេីមគ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។ 

ជនរងគ្រោះមានឈ្មោះលី​ ណាំឈីវ​ អាយុ១៨ឆ្នាំ មុខរបរកម្មករផ្សារដែកស្នាក់នៅភូមិបឹងក្រចាប់ត្បូង  ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល(ស្លាប់) និងម្នាក់ទៀតជាបងថ្លៃរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 

    តាមប្រភពព័ត៌មានពី​កន្លែងកេីតហេតុបានឱ្យដឹងថា នៅ​មុនពេល​កេីត​ហេតុគេឃេីញបុរសពីរនាក់​ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌​ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AN-2782 ឌុបគ្នាតាមបណ្តោយផ្លូវអូសុីអាយសុីក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តតាកូម៉ាពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-6730 បេីកបរដោយបុរសវ័យចំណាស់ម្នាក់តាមបណ្តោយផ្លូវអូសុីអាយសុីក្នុងទិសដៅពីត្បូងទៅជេីងហើយបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងអូសប្រមាណ៥ម៉ែត្រស្លាប់ម្នាក់របួសធ្ងន់ម្នាក់។ 

    ក្រោយពីកេីតហេតុ​អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ រីឯម៉ូតូនិងរថយន្តរួមទាំងតៃកុងរថយន្តផងបន្ទាប់ពីវាស់វែងរួចត្រូវបានបញ្ជនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖