ភ្នំពេញ ៖ បុរសម្នាក់ជាមន្រ្តីពន្ធដារបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈបើកម៉ូតូចេញពីហាងជួបជុំជាមួយមិត្តភក្តិ រួចត្រឡប់ទៅផ្ទះវិញ ក៏ត្រូវរថយន្តមិនចាំម៉ាក បើកទៅបុកចំពាក់កណ្តាលម៉ូតពេញទំហឹង ប៉ើងទៅបោកក្បាល នឹងបង្គោលភ្លើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង ជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ រ័ត្ន បញ្ញាអាយុ២៨ឆ្នាំ ជាមន្រ្តីពន្ធដារ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ២៥សេអឺ០ ផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ បើកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1IV-6788 ជិះតាមបណ្ដោយផ្លូវលេខ១៩២ ក្នុងទិសដោពីលិចមកកើត ខណៈជិះមកដល់ចំណុចកើតហេតុដែលផ្លូវបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវលេខ២៥៣ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ ចំពាក់កណ្តាលពេញទំហឹង ប៉ើងជនរងគ្រោះទៅបោកក្បាលនឹងបង្គោលភ្លើងស្លាប់នៅនឹងកន្លែង ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកដល់បាន យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ អធិការរដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំសាច់ញាតិទៅទទួល និងបានធ្វើកំណត់ហេតុរួចប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ