ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី ប្រមាណ ៤០០នាក់ បន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅស្រុកស្រីសន្ធរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក លូ គឹមឈុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ អញ្ជើញជួបសំណេះ សំណាល និងពិនិត្យ ព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រស់នៅស្រុកស្រីសន្ធរខេត្តកំពង់ចាម ដែល ពិធីនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឡេង ផល្លី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី,អស់លោក,លោកស្រីប្រធាន, អនុប្រធានក្រុមការងារចុះជួយស្រុក, អភិ បាលរងខេត្ត, ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន, ក្រុមការងារ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបងប្អូនប្រជា ពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ប្រមាណជាង ១,០០០នាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថា ការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីសុខភាពប្រជាជននាថ្ងៃនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្សតរៀងទៅ។

លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នយើងគ្រប់គ្នាកំពុងរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី។ ហេតុនេះ សូម ឲ្យបងប្អូនយើង ចូលរួមចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំនៅក្នងសហគមន៍ និងចូល រួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ ក្រសួងសុខាភិបាលរួមនឹងវិធានការ”៣ការ ពារ និង ៣កុំ” ដើម្បីសហគមន៍ជៀសផុតពីជំងឺកូវីដ១៩ ជាពិសេសវីរុសបម្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងយាយីដល់សុខភាពប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងសាកលលោកផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖