ខ្សែប្រយុទ្ធ Ferran Torres បានស៊ុតបញ្ចូលទីបាន២គ្រាប់ ជួយឲ្យក្រុមអ្នកមានបុណ្យ Barcelona បន្តទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេតាមរយៈការផ្តួលក្រុម Osasuna ក្នុងលទ្ធផល៤ទល់០ សម្រាប់ជ័យជម្នះនៅក្របខ័ណ្ឌ La Liga ជាលើកទី៤ជាប់ៗគ្នា។
អតីតខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Torres បានបើកការស៊ុតបាល់ប៉េណាល់ទីនៅដើមតង់ទី១ នាទីទី១៤ បន្ទាប់ពីកីឡាករ Gaviរបស់ក្រុម Osasuna បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់។ ភ្លាមៗខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់ទី២បន្ទាប់ពីការបញ្ជូនបាល់ដ៏អស្ចារ្យដោយ Ousmane Dembele នៅនាទីទី២១។
មួយនាទីក្រោយមកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានស៊ុតបញ្ចូលទីពីការបញ្ជូនបាល់ពី Dembele មួយគ្រាប់ទៀតដែលជាគ្រាប់បាល់ទី៣ក្នុងការប្រកួត មុនពេលកីឡាករបម្រុង Riqui Puig បន្ថែមគ្រាប់ទី៤នៅនាទីទី៧៥។ កីឡាករវ័យ២២ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងល្អបន្ទាប់ពីការស៊ុតដំបូងរបស់គាត់ ដោយបានញាក់បាល់ផុតដៃអ្នកចាំទី និងកាត់ខ្សែការពារពីរនាក់មុនពេលបាល់ចូលទី។
ទន្ទឹមនឹងនេះដែរ គ្រាប់បាល់របស់ Aubameyang គឺជាគ្រាប់ទី៥របស់គាត់ក្នុងការប្រកួត La Liga ៦លើកចាប់តាំងពីផ្ទេរពីក្រុម Arsenal ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដែលលឿនបំផុតទីពីររបស់ Barcelona ដែលឈានដល់៥គ្រាប់ក្នុងការប្រកួតក្នុងសតវត្សទី២១ បន្ទាប់ពីកីឡាករ Samuel Eto’o ក្នុងឆ្នាំ២០០៤ និង Zlatan Ibrahimovic ក្នុងឆ្នាំ២០០៩។
ជ័យជម្នះនេះបានធ្វើឲ្យ Barcelona ឡើងទៅលេខ៣ មាន៥១ពិន្ទុ បើទោះបីក្រុមនេះនៅឆ្ងាយពីការប្រជែងដណ្តើមពានជាមួយក្រុមកំពូលតារាង Real Madrid ដែលមាន៦៣ពិន្ទុក៏ដោយ។ ដោយឡែកក្រុមភ្ញៀវOsasuna ក្រោយពីបរាជ័យនេះបានឈរចំណាត់ថ្នាក់លេខ១១នៅ La Liga ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)