ខេត្តពោធិ៍សាត់ ៖ អគារធ្វើអំពីឈើ១ខ្នងនៃសាលាបឋមសិក្សាព្រែកស្ដីត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បើទោះជាមន្រ្តីជំនាញពន្លត់អគ្គិភ័យចេញជួយធ្វើអន្តរាគមន៍ភ្លាមៗក៏ដោយ ដែលគេសន្និដ្ឋានជាបឋមថាអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ។
ករណីអគ្គិភ័យឆាបឆេះអគារឈើនៃសាលាបឋមសិក្សាព្រែកស្ដីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣ និង២០នាទីកណ្ដាលអធ្រាត្រថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងបរិវេណ(សាលាបឋមសិក្សាព្រែកស្ដី)ស្ថិតនៅក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់។
ពេលភ្លើងឆាបឆេះអគារសិក្សានេះគេឃើញកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ កម្លាំងអន្តរាគមន៍ ចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងមកជួយធ្វើអន្តរាគមន៍ និងការសម្រួលសណ្ដាប់ធ្នាប់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ។ ករណីឆាបឆេះអគារសាលាបឋមសិក្សានេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន៥រថយន្តទើបគ្រប់គ្រងស្ថានភាពបានមួយរយភាគរយ ដោយពុំរាលដាលដល់អគារផ្សេងៗ និងផ្ទះសម្បែងប្រជាពលរដ្ឋក្បែរនោះទេ ។
ប្រភពដដែលបន្តទៀតថា ការខូចខាតរួមមាន៖ អគារ១ខ្នងសង់អំពីឈើ មាន៣បន្ទប់ និងសម្ភារសិក្សាមួយចំនួន។
ករណីឆាបឆេះអគារសាលាបឋមសិក្សាព្រែកស្ដីនេះ លោក វរសេនីយ៍ឯក អ៊ុន ហូរ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប បានឱ្យដឹងមុននេះបន្តិចថា ករណីឆាបឆេះនេះ យើងសន្និដ្ឋានជាបឋមថាអាចបណ្ដាលមកពីទុស្សេខ្សែភ្លើង ប៉ុន្តែស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ៕
ដោយ ៖ បុឹម ពិន