ព័ត៌មានទាន់ហេតុការណ៍៖

តើលទ្ធផលនឹងទៅជាយ៉ាងណាបើណាតូចូលរួមនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី?

ចែករំលែក៖

សង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ីនឹង អ៊ុយក្រែនបានអូសបន្លាយរយៈពេលជាង៣សប្តាហ៍កន្លងមកហើយ ដោយភាគីទាំងពីរមានគោលជំហររៀងៗខ្លួននៅក្នុងសមរភូមិ។ ចំណែកសហគមន៍អន្តរជាតិបានប្រតិកម្មយ៉ាងខ្លាំងចំពោះសង្គ្រាមនោះ។
អ្នកឯកទេសវិភាគពីគោលនយោបាយអឺរ៉ុបនៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Lauren Speranza បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី នឹងមិនជំរុញឱ្យណាតូចូលរួមនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែននោះឡើយ ហើយណាតូក៏មិនមែនជាគោលដៅ ចុងក្រោយរបស់រុស្ស៊ីដែរ ។ លោកស្រីបន្តទៀតថា ប្រសិនបើផ្ទុះសង្គ្រាមជាមួយណាតូនោះគឺជាគ្រោះអាសន្នយ៉ាងធំ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិកនៅសប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំ NATO ពាក់ព័ន្ធនឹងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានReuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីការទូតអាមេរិកនិងអឺរ៉ុបបានឱ្យដឹងទៀតថាផែនការនៃជំនួបជាមួយមេដឹកនាំ NATO របស់លោក ចូ បៃឌិន កំពុងស្ថិតនៅក្នុងដំណាក់កាលសម្រេចចិត្តចុងក្រោយនៅឡើយ ហើយអាចនឹងមានការផ្លាស់ប្ដូរគ្រប់ពេលវេលា ដោយសារតែស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែបើគ្មានអ្វីប្រែប្រួលទេ លោក បៃឌិន និងមេដឹកនាំ NATO អាចនឹងជួបគ្នាក្នុងទីក្រុងប្រ៊ុចសែល នៅថ្ងៃទី២៣ ខែមីនានេះ។
បន្ថែមពីលើនេះ, បើតាមការគ្រោងទុក លោកបៃឌិនក៏អាចនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញដែលជាសមាជិក NATO ផងដែរ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសន្តិសុខរបស់ប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានទ័ពអ៊ុយក្រែនមួយកន្លែង ដែលស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប៉ូឡូញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយផ្ដាច់ជីវិតមនុស្ស ៣៥នាក់។
សង្រ្គាមនៅអ៊ុយក្រែនដែលបានឈានចូលដល់សប្ដាហ៍ទី៣ បាន និងកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសជាសមាជិក NATO ដូចជាប៉ូឡូញជាដើមភ័យខ្លាចអាចនឹងផ្ទុះជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។ លោក បៃឌិនក៏បានអះអាងជាច្រើនលើកដែរ
ថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែសន្យាថានឹងការពារដែនដី NATO មិនឱ្យបាត់បង់សូម្បីតែមួយចំអាម៕ ដោយ៖ ធីរីណា

រូបថត៖nguoiduatin.vn


ចែករំលែក៖