ភ្នំពេញ៖ បញ្ហាកកស្ទះចរាចរណ៍ នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងស្ពានចំរើនផល ត្រូវបានកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់ ដេីម្បីសម្រួលការកកស្ទះ និងងាយស្រួលដល់ការធ្វេីដំណើររបស់ប្រជាពលរដ្ឋ។
បេីយោងតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី១៥ ខែមីនា ឆ្នាំ២០២២នេះថា៖ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ កម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្សី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ ឱ្យឡើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅមកបានស្រួល។
ក្នុងប្រតិបត្តិការខាងលេីនេះ កម្លាំងជំនាញក៏បានធ្វើការផាកពិន័យម៉ូតូជិះបញ្ច្រាសទិស និងមិនគោរពផ្លាកសញ្ញា យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកផងដែរ។
ជាមួយគ្នានោះ មន្រ្តីជំនាញ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ណាមួយជាយថាហេតុ៕
ដោយ៖សហការី