ព័ត៌មានទាន់ហេតុការណ៍៖

តើរុស្ស៊ីចំណាយប្រាក់អស់ប៉ុន្មានក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ជាង៣សប្តាហ៍កន្លងមក?

ចែករំលែក៖

បើទោះបីការខូចខាតផ្នែកយោធានៅក្នុងប្រទេសអ៊ុយក្រែនគឺជារឿងសម្ងាត់ ប៉ុន្តែអ៊ុយក្រែនបានប៉ាន់ប្រមាណឃើញថា ទីក្រុងមូស្គូ រងការខូចខាតយ៉ាងខ្លាំង ដោយសារតែរថក្រោះ រថពាសដែក យន្តហោះចម្បាំងជាច្រើនត្រូវទាហានអ៊ុយក្រែនបាញ់កម្ទេច។ ការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលតែ២ថ្ងៃដំបូងនៃសង្គ្រាម។

ជាមួយគ្នានេះសង្គ្រាមវាយប្រហារអ៊ុយក្រែនធ្វើឱ្យទីផ្សារមូលបត្រក្នុងប្រទេសរុស្ស៊ីត្រូវបិទទ្វារ តម្លៃប្រាក់រុស្ស៊ីធ្លាក់ថ្លៃយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។ ព្រមជាមួយគ្នានេះដែរសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីទៀត ធ្វើឱ្យការខាតបង់ប្រាក់កាន់តែច្រើន។
តាមការវាយតម្លៃពីក្រុមអ្នកជំនាញ សេដ្ឋកិច្ចរុស្ស៊ីនឹងធ្លាក់ចុះរហូតដល់ទៅ៧%នៅក្នុងឆ្នាំនេះ ដែលពីមុនបានព្យាករណ៍ថានឹងកើនឡើង២% ។ មនុស្សមួយចំនួនក៏បានលើកឡើងថាសេដ្ឋកិច្ចរុស្ស៊ីអាចធ្លាក់ចុះដល់ទៅ១៥% ឯណោះ។
ចំណែកសហគមន៍អឺរ៉ុបវិញបានព្យាយាមកាត់បន្ថយការអាស្រ័យទៅលើថាមពលរបស់រុស្ស៊ីដើម្បីបញ្ចៀសផលប៉ះពាល់។ ដោយឡែកចំពោះអាមេរិក និងអង់គ្លេសបានសម្រេចលុបចោលទាំងស្រុងនូវការទិញប្រេង ថាមពលពីប្រទេសរុស្ស៊ី។
តាមការវាយតម្លៃពីប្រទេសអ៊ុយក្រែន ក្នុងសង្គ្រាមនេះរុស្ស៊ីបានបាត់បង់ទាហានដល់ទៅ១២ពាន់នាក់ ។ ប៉ុន្តែរុស្ស៊ីប្រកាសថាមានទាហានស្លាប់ប្រមាណ ៥០០នាក់ប៉ុណ្ណោះ ។ ពឹងផ្អែកទៅលើ GDP សម្រាប់មនុស្សម្នាក់ៗ បើទាហានរុស្ស៊ីស្លាប់១ម៉ឺននាក់ គឺត្រូវចំណាយប្រាក់អស់ដល់ ៤ពាន់លានដុល្លារ នោះមិនគិតការសងសំណងពីរដ្ឋាភិបាលទៅលើគ្រួសារទាហានដែលពលីជីវិតក្នុងសមរភូមិនោះផង។
រីឯប្រទេសអ៊ុយក្រែនវិញ តាមការវាយតម្លៃ គឺបានខាតបង់ប្រាក់រហូតដល់ទៅជាង១០០ពាន់លានដុល្លារហើយចាប់តាំងពីការផ្ទុះសង្គ្រាមមក៕ ដោយ៖ ធីរីណា

រូបថត៖AT


ចែករំលែក៖