ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្រ្កាបជនសង្ស័យក្នុង២ករណីផ្សេងគ្នានិងរឹបអូសបានថ្នាំញៀនចំនួន៥កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចផ្នែកជំនាញបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ពីរករណីដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីជាប់ពាក់ព័ន្ធនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ចំនួន២នាក់។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

   លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានខណ្ឌចំការមនបានឱ្យដឹងថា ករណីទី១-ជនសង្ស័យឈ្មោះ រ័ត្ន សុផារី ហៅ ច្រិប ភេទស្រី អាយុ ៤១ឆ្នាំ (មុខសញ្ញាទើបដោះលែង) ស្នាក់នៅខាងក្រោយស្ថានីយបូមទឺក ផ្លូវលំ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ឃាត់នៅចំណុចសាលាឆទាន ផ្លូវលំ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៤កូនថង់តូចនៅក្នុងកាបូបតូចដាក់ក្នុងហោប៉ៅអាវខាងឆ្វេង។ ជនសង្ស័យរូបនេះជាប់ចោទពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ។                ចំពោះករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២២ ដែលជនសង្ស័យឈ្មោះ ពុល រ៉ន ហៅ ម៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ (សំណង់មិនរៀបរយ) ផ្លូវលេខ១០៥ ក្រុម២៥ ភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ មុខរបរលក់លៀសហាល។

    វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានមានម្សៅក្រាមពណ៌សថ្លាចំនួន០១កូនកញ្ចប់តូចសង្ស័យជាសារធាតុញៀន ឃាត់បាននៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ១០៥ ក្រុម២៥ ភូមិ ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាប់សង្ស័យពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

    លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានខណ្ឌបានបន្តទៀតថា កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវបានធ្វើការដឹកនាំល្បាតក្នុងមូលដ្ឋានហើយប្រទះឃើញជនសង្ស័យខាងលើក៏ធ្វើការបង្រ្កាបជាបន្តបន្ទាប់។

   បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចយើងឃាត់ខ្លួនបណ្ដោះអាសន្នរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ ជីណា


ចែករំលែក៖