ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលប្រាក់ដុល្លាររង្គោះរង្គើដោយកិច្ចព្រមព្រៀងប្រេងចិន-អារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

ឥទ្ធិពលប្រាក់ដុល្លារអាមេរិកនៅក្នុងទីផ្សារប្រេងកំពុងតែរង្គោះរង្គើនៅលើទីផ្សារប្រេង ក្រោយពេលចិននិងអារ៉ាប៊ី សាអ៊ូឌីតបានសម្រេចព្រមព្រៀងគ្នាប្រើប្រាស់ប្រាក់យន់របស់ចិនជំនួសដុល្លារនៅក្នុងការទិញដូរប្រេង ដោយមិនប្រើដុល្លារអាមេរិកទៀតឡើយ។
តាមសារព័ត៌មាន Wall Street Journal (WSJ) បានផ្សាយថា ប្រទេសផលិតប្រេងលំដាប់ពិភពលោក គឺអារ៉ាប៊ីសាអ៊ូឌីត កំពុងតែពិភាក្សាលក់ប្រេងដល់អតិថិជនធំបំផុតលើពិភពលោកគឺចិន ដោយប្រើប្រាស់ប្រាក់យន់ ជំនួសប្រាក់ដុល្លារអាមេរិក។
បច្ចុប្បន្នការលក់ប្រេងនៅលើពិភពលោកប្រមាណ៨០% គឺបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ហើយអារ៉ាប៊ី សាអ៊ូឌីត បានធ្វើចរាចរណ៍ប្រាក់ដុល្លារអាមេរិកក្នុងការទិញលក់ប្រេងតាំងពីឆ្នាំ១៩៧៤មក។ ប៉ុន្តែនៅពេលនេះ ចិននិងអារ៉ាប៊ី សាអ៊ូឌីតបានព្រមព្រៀងគ្នាទិញប្រេងដោយប្រើប្រាស់ប្រាក់យន់ចិន ក្នុងគោលដៅធ្វើឱ្យប្រាក់យន់របស់ចិនអាចគ្រប់គ្រងនៅលើទីផ្សារពិភពលោក ។ ទាំងនោះគឺជាឧបសគ្គយ៉ាងធំធេងរបស់អាមេរិកនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។
ក្នុងពេលទំនាក់ទំនងអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីតចុះខ្យោយ ចិនបានក្លាយទៅជាដៃគូដ៏ធំបំផុតរបស់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ពេលថ្មីៗនេះ រាជទាយាទ អារ៉ាប៊ី សាអ៊ូឌីត Mohammed bin Salam បានបដិសេធជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីបៃឌិនពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនក៏ដូចជាការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី៕ ដោយ៖ ធីរីណា

រូបថត៖Getty


ចែករំលែក៖