ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន២ខ្សែបន្ថែមដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះ=ឈ្នះ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣

ចែករំលែក៖

    ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន២ខ្សែបន្ថែមទៀត ដើម្បីលើកសោភណភាពរាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦Aទៅមហាវិថីឈ្នះ=ឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍នៅក្នុងឱកាសដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។

     លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះថា៖ កំណាត់ផ្លូវ២ខ្សែនេះជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានី ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន២ឆ្នាំ។ ការដ្ឋាននេះបានចាប់ផ្តើមពីខែមករាឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំ២០២២ ខាងមុខនេះ ។

   លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែដែលបាននិងកំពុងស្ថាបនានេះរួមមាន៖ ផ្លូវទី១ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥ម៉ែត្រ រៀបខឿនទ្រូងផ្លូវបែងចែកចរាចរ រៀបប័រឌៀរ និងការឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប២០ម៉ែត្រ ប្រវែងសរុប៨.២៤០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦A ដល់ផ្លូវគល់ស្ពានឈ្នះ=ឈ្នះ ។ ដាក់លូសងខាងផ្លូវទំហំ១,២ម៉ែត្រចាប់ពីផ្លូវជាតិលេខ៦Aដល់ស្ពានព្រែកតាគង់។ ដាក់លូសងខាងផ្លូវទំហំ១,៥ ម៉ែត្រចាប់ពីស្ពានព្រែកតាគង់ដល់ព្រែកម្រៀល។ ដាក់លូប្រអប់សងខាងទំហំ២,៥ម៉ែត្រx ២ម៉ែត្រពីរជួរចាប់ពីព្រែកម្រៀលដល់ផ្លូវខ្សែទី៣ ។ ដាក់លូប្រអប់សងខាងផ្លូវទំហំ១,៥ម៉ែត្រចាប់ពីសាលាព្រែករាំងដល់ផ្លូវគល់ស្ពានឈ្នះ=ឈ្នះ។

    ចំណែកផ្លូវទី២ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥ម៉ែត្រ រៀបខឿនទ្រូងផ្លូវ បែងចែកចរាចរ រៀបប័រឌៀរ និងការឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង២,៥ម៉ែត្រ មានទទឹងសរុប២០ម៉ែត្រ ប្រវែងសរុប៦.៩១៦ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ត្រង់ចំណុច PK0+830 ដល់មហាវិថីឈ្នះ=ឈ្នះ ។ 

ដាក់លូសងខាងផ្លូវទំហំ១ម៉ែត្រចាប់ពីផ្លូវខ្សែទី២ដល់មាត់ព្រែកតាគង់ ។ ដាក់លូប្រអប់ទំហំ២,៥ម៉ែត្រx២ម៉ែត្រ ពីរជួរចាប់ពីមាត់ព្រែកតាគង់ដល់ចំណុចផ្លូវទំនប់ឧកញ៉ាលី យ៉ុងផាត់ ។ ដាក់លូសងខាងផ្លូវទំហំ១,៥ម៉ែត្រចាប់ពីផ្លូវទំនប់ឧកញ៉ាលី យ៉ុងផាត់ដល់មហាវិថីឈ្នះ=ឈ្នះ៕

ដោយ ៖ សំរិត


ចែករំលែក៖