ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា ដើម្បីយុទ្ធនាការការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិត ការពារប្រយោជន៍អ្នកប្រើប្រាស់ រក្សារសមធម៌ក្នុងទីផ្សារ និងការអនុវត្តច្បាប់។
ជាក់ស្ដែងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ មន្រ្តីជំនាញ ក.ប.ប. នៃសាខាខេត្តកំពង់ស្ពឺ ខេត្តរតនគិរី និងខេត្តព្រះសីហនុ បានធ្វើការដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ៨២៤.១៦គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៤លីត្រ។ ទំនិញដែលបានដកហូតទាំងអស់នោះគឺបានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប. ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន។
ក្នុងប្រតិបត្តិការនោះដែរ ម្ចាស់ទំនិញដែលមិនមានអនុលោមភាពខាងលើត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនាពេលក្រោយ។
ជាមួយគ្នានោះ នៅថ្ងៃដដែលមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម ក៏បានរកឃើញមិនមានអនុលោមភាពលើដេប៉ូប្រេងឥន្ធនៈចំនួន ១ទីតាំង ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងដែលត្រូវបានមន្រ្តីជំនាញខេត្តកំពង់ចាមត្រួតពិនិត្យ។ ក្រោយពីការរកឃើញមិនមានអនុលោមភាពមន្រ្តីជំនាញបានធ្វើការពិន័យភ្លាមៗទៅតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា មន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យទៅលើម្ចាស់ដេប៉ូប្រេងឥន្ធនៈស្ថិតនៅក្នុងស្រុកកងមាស នៃខេត្តកំពង់ចាម៕
ដោយ៖សហការី