ប្រធានាធិបតីរុស្សុីលោកពូទីន នៅថ្ងៃទី១៦មីនាបានបញ្ជាក់ថា រុស្ស៊ីមិនមានគម្រោងដណ្តើមគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ ហើយយុទ្ធនាការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺបានដើរទៅតាមគម្រោងដែលបានគ្រោងទុក។
ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី១៦ខែមីនា ថា «វត្តមានរបស់កម្លាំងទាហានរុស្ស៊ីនៅជិតរដ្ឋធានីកៀវ និងទីក្រុងផ្សេងៗទៀតនៅក្នុងប្រទេសអ៊ុយក្រែនគឺមិនមែនជាសកម្មភាពឈ្លានពានដើម្បីគ្រប់គ្រងប្រទេសអ៊ុយក្រែននោះឡើយ។ យើងមិនមានគោលដៅបែបនោះឡើយ»។ លោកពូទីនបញ្ជាក់ទៀតថា សកម្មភាពយោធា នៅអ៊ុយក្រែនគឺបានដើរតាមគម្រោងដែលបានគ្រោងទុក។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «យើងមិនមានជម្រើសអ្វីផ្សេងក្នុងការដោះស្រាយស្ថានភាពដែលបានកើតឡើង មិនមែនជាកំហុសរបស់ខ្ញុំ ។ យើងចាំបាច់ត្រូវតែបើកយុទ្ធនាការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន »។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បាននិយាយថា ប្រទេសរបស់លោកនឹងសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយនឹងមិនចុះញ៉មឡើយចំពោះអ្វីដែលលោកហៅថាជាការប៉ុនប៉ងរបស់លោកខាងលិចក្នុងការត្រួតត្រា និងបំបែកបំបាក់រុស្ស៊ី។
លោក ពូទីន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយទៅកាន់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលទីក្រុងមូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានទទួលស្គាល់ផងដែរពីផលប៉ះពាល់បង្កឡើងដោយទណ្ឌកម្មលោកខាងលិច ប៉ុន្តែថារុស្ស៊ីនឹងតស៊ូហែលឆ្លងពេលវេលាដ៏លំបាកនេះ។ លោកបន្ថែមទៀតថា បណ្ដាប្រទេសលោកខាងលិចចង់ធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសចំណុះមួយដ៏ទន់ខ្សោយ, បំពានបូរណភាពទឹកដីរុស្ស៊ី និងចង់បំបែកបាក់រុស្ស៊ី។
បើតាមលោក ពូទីន រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាពីលក្ខន្តិកៈអព្យាក្រឹតរបស់អ៊ុយក្រែន ខណៈដែលសង្រ្គាមបានឈានចូលដល់ សប្ដាហ៍ទី៣ ដោយផ្ដាច់ជីវិតមនុស្សរាប់ពាន់នាក់នៃភាគីជម្លោះ ហើយបង្ខំឱ្យប្រជាជនអ៊ុយក្រែនរត់ភៀសខ្លួនទៅក្រៅប្រទេស ឬពីផ្ទះសម្បែងដើម្បីគេចចេញពីសង្រ្គាម៕
ដោយ៖ ធីរីណា(រូបថត៖AP)