ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល លុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការលុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្តPCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា និងលុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ហើយអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ។

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ សម្រេចដូចខាងក្រោម៖

១-លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។

២-លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ ៣-អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ទោះបីមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នា នេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩. ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច។

សេចក្តីប្រកាសព័ត៌មាននេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖