ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្តីជះទឹកអាស៊ីតលេីប្រពន្ធនិងកូន២នាក់ទៀតរលាកពេញខ្លួននៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ ពិតជាសាហាវខ្លាំងណាស់ដែលអតីតប្តីបានយកទឹកអាស៊ីតជះទៅលេីប្រពន្ធនិងកូនបណ្តាលឲ្យរលាកពេញខ្លួនរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់បានគេចខ្លួនបាត់។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២២​ នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាសខេត្តតាកែវ។ 

    ជនដៃដល់ឈ្មោះខាយ​ ទ្រី​ ហៅឌឹក​ ភេទប្រុស អាយុ៣៩ឆ្នាំ​ ។ 

    តាមការរៀបរាប់របស់បងប្អូនជនរងគ្រោះបានឱ្យដឹងថា​ ជនដៃដល់និងជនរងគ្រោះជាអតីតប្តីប្រពន្ធនឹងគ្នា ដោយបានរៀបការរយៈពេលជិត២០ឆ្នាំមកហេីយ និងមានកូនប្រុសស្រី២នាក់ជាចំណងដៃ​ ។ ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នាក៏បានលែងលះគ្នាអស់រយៈពេល៥ខែមកហេីយ​ ប៉ុន្តែក្រោយមកបុរសជាប្តីបានសុំប្រពន្ធត្រូវគ្នាវិញ តែជនរងគ្រោះមិនព្រម។ 

   សាក្សីបានបន្តថា​ លុះមកដល់យប់ថ្ងៃកេីតហេតុជនដៃដល់បានមកផ្ទះជនរងគ្រោះ ហើយដោយសារតែយប់ជ្រៅទៅហេីយជនរងគ្រោះក៏បានឃាត់អតីតប្តីនោះឱ្យសម្រាកនៅផ្ទះមួយយប់សិន​ ដោយជនដៃដល់ដេកខាងលេីផ្ទះ ចំណែកជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតដេកនៅខាងក្រោម។ ខណៈដែលជនរងគ្រោះនិងកូនៗកំពុងដេកលង់លក់ស្រាប់តែជនដៃដល់បានយកទឹកអាស៊ីតមកជះពីលេីបណ្តាលឱ្យរលាកទាំងម្តាយនិងកូនរងរបួសធ្ងន់​ ហើយភ្លាមនោះជនដៃដល់ក៏បានគេចខ្លួនបាត់ទៅ។ 

   បច្ចុប្បន្ន​ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដោយបានសំណូមពរដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមេត្តាតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់ផង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖