ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីធុនយក្សកំពុងដឹកបំផ្លាញផ្លូវបេតុង និងផ្លូវកៅស៊ូ នៅសួនទូក រងការិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវនៅជុំវិញបរិវណសួនទូក ដែលជាប្រភេទផ្លូវបេតុង និង ផ្លូវកៅស៊ូ នោះ កំពុងតែរងការខូចខាតជាបណ្តើរៗ ខណៈដែលរថយន្តដឹកដីធំៗ បានដឹកទន្រ្ទាំយ៉ាងខ្លាំងៗមកលើ ផ្លូវបេងតុង និង ផ្លូវកៅស៊ូ ប្រភេទDBST និងប្រភេទ AC ។

  ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទាំងនេះបានប្រាប់ឱ្យដឹងថា សួនទូកដែលជាសួនស្អាតស្ថិតនៅតំបន់អភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋតែងតែមកហាត់ប្រាណ និង មកលំហែកំសាន្ត និង ស្រូបយកខ្យល់អាកាសបរិសុទ្ធនោះនាពេលនេះ ចាប់ផ្តើមបាក់ស្រុតជាបណ្តើរៗហើយ ទាំងផ្លូវកៅស៊ូ និង ផ្លូវបេតុងទៅវិញហើយ។ដោយសារការបំផ្លាញយ៉ាងដំណំ ពីក្រុមរថយន្តដឹកដីធំៗ ដែលកំពុងដឹកតាមផ្លូវក្នុង១ថ្ងៃៗរាប់សិបគ្រឿង ។

  ប្រជាពលរដ្ឋបានសំដែងនូវការសោកស្តាយ ចំពោះសមិទ្ធផលថ្មី ដែលអាជ្ញាធរខេត្តបានធ្វើស្អាតហើយ តែត្រូវរងការបំផ្លិចបំផ្លាញដោយសារ ក្រុមឈ្មួញរកស៊ីដឹកដី ដែលបានដឹកដី មិនគិតអំពីស្ថានភាពផ្លូវ ធ្វើឱ្យផ្លូវដែលទើបធ្វើហើយបែជាត្រូវខូចខាតបែបនេះ ។

  ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរ មូលដ្ឋាន និង ពិសេសក្រុងកំពង់ឆ្នាំង គួរតែពិនិត្យឡើងវិញអំពីការដឹកជញ្ជូនដីរបស់ក្រុមឈ្មួញដឹកដី ដែលធ្វើឱ្យខូចខាតនូវសមិទ្ធផលរបស់ខេត្តបែបនេះ   

  ពាក់ព័ន្ធនិងករណីនេះ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានឱ្យនគរវត្តដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះថា  កន្លងមកអាជ្ញាធរក្រុងកំពង់ឆ្នាំង បានហៅក្រុមអ្នកដឹកដីមកធ្វើកិច្ចសន្យារួចហើយកាលពីថ្ងៃទី១៥ ខែមីនា  ដោយឱ្យក្រុមអ្នកដឹកដីទាំងអស់ ប្តូររថយន្តធុនធំ មកប្រើរថយន្តទៅតាមស្ថានភាពផ្លូវវិញ ក្រុមដឹកដីមួយចំនួនបានប្រើប្រាស់រថយន្តបានត្រឹមត្រូវ ប៉ុន្តែក្រុមមួយក្រុមទៀតគឺនៅតែមិនទាន់អនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងនោះទេ តែនាពេលនេះអាជ្ញាធរក្រុងកំពុងតាមមើលបើនៅតែពុំអនុវត្តតាមនោះទេ នឹងអនុវត្តវិធានការរដ្ឋបាលតឹងរឹងបំផុត ។ លោកសំណូមពរឱ្យក្រុមដឹកដីទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុង ដើម្បីថែរក្សាផ្លូវសម្បត្តិសាធារណៈនេះ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖